(បរទេស)៖ គណៈកម្មការអឺរ៉ុប (EU) បានឱ្យដឹងថា ខ្លួនបានព្រមានដល់ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook កំពុងតែ​បំពាន​ច្បាប់ប្រឆាំងការទុកចិត្តរបស់ EU ដោយបង្ខូចការប្រកួតប្រជែងក្នុងទីផ្សារសម្រាប់ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត និងបំពានករណីមួយចំនួនទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

EU បានលើកឡើងថា ខ្លួននឹងធ្វើការស៊ើបអង្កេតបន្ថែមទៀត ហើយថាវាអាចនឹងដាក់ពិន័យរហូតដល់ ១០ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Meta ដែលទទួលបាននៅក្នុងទីផ្សារ EU ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់នៃការរំលោភលើច្បាប់របស់សហភាពអឺរ៉ុប។

ប្រធានប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុប លោកស្រី Margrethe Vestager បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីមានការព្រួយបារម្ភថា Meta បានភ្ជាប់បណ្តាញទំនាក់ទំនងសង្គម Facebook ដ៏មានឥទ្ធិពលរបស់ខ្លួនទៅនឹងសេវាកម្មផ្សាយពាណិជ្ជកម្មតាមអនឡាញរបស់ខ្លួន ដែលត្រូវបានគេហៅថា Facebook Marketplace។

វាមានន័យថា សម្រាប់អ្នកប្រើ Facebook គឺគ្មានជម្រើសអ្វីផ្សេងក្រៅពីប្រើ Facebook Marketplace សម្រាប់ទីផ្សារ​លក់​ទំនិញ​អនឡាញ ខណ:ដែលវាគឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ Facebook ក្នុងការប្រម៉ូត Marketplace ហើយវាក៏ជាផ្នែកមួយដែល Facebook កំពុងខិតខំប្រឹងប្រែងដើម្បីស្វែងរកប្រាក់ចំណូលផងដែរ។

ពាក់ព័ន្ធនឹងករណីនេះផងដែរ ត្រូវបានអ្នកនាំពាក្យ Meta ចេញមុខបំភ្លឺថា ការចោទប្រកាន់របស់ EU គឺធ្វើឡើងដោយមិនបាន​ភស្ដុតាងច្បាស់លាស់ឡើយ។

គួរបញ្ជាក់ផងដែរថា Facebook Marketplace ត្រូវបានដាក់ឱ្យប្រើជាផ្លូវការកាលពីឆ្នាំ២០១៦ និង ៧០ប្រទេសនៅជុំវិញពិភពលោក ដោយអ្នកប្រើប្រាស់អាចលក់ និងទិញទំនិញបានឱ្យខ្លួនឯង៕