(ឡុងដ៍)៖ ការចូលរួមក្នុងព្រឹត្តិការណ៍ Women's World Cup នៅឆ្នាំក្រោយ របស់ខ្សែប្រយុទ្ធក្លិប Arsenal និងជម្រើសជាតិហូឡង់ កីឡាការិនី Vivianne Miedema កំពុងស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់ពីនាងបានបញ្ជាក់នៅថ្ងៃចន្ទថា នាងបានរបួសដាច់សរសៃចងជង្គង់របស់នាង នៅអំឡុងពេលប្រកួតក្នុងលីគ Champions League កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន​ CNA ចេញផ្សាយនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ក្នុងការប្រកួតប៉ះក្រុម Olympique Lyonnais កីឡាការិនីហូឡង់រូបនេះ ត្រូវបានប្តូរ និងសែងចេញពីទីលានទាំងទឹកភ្នែកនៅតង់ទី១ គ្រាដែល Arsenal បានចាញ់ ១-០ ប៉ុន្តែនៅតែបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។

Arsenal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កីឡាការិនីវ័យ ២៦ឆ្នាំរូបនេះ នឹងទទួលការវះកាត់នៅប៉ុន្មានថ្ងៃខាងមុខ ហើយនឹងត្រូវអវត្តមានពីក្រុមរយៈពេលយូរ។

«ពេលវេលាជាក់លាក់បន្ថែមទៀត នឹងត្រូវកំណត់ នៅពេលដែលប្រតិបត្តិការវះកាត់ បានធ្វើឡើងរួចរាល់» នេះបើតាមក្លិបបានបន្ថែម។

ការរបួសរបស់ Miedema នឹងក្លាយជាបញ្ហាធំមួយសម្រាប់ក្រុមជម្រើសជាតិហូឡង់ ដែលជាក្រុមជើងឯករង ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៩ នៅបារាំង។ Women's World Cup ឆ្នាំ២០២៣ នឹងធ្វើឡើងនៅប្រទេសអូស្ត្រាលី និងណូវែលសេឡង់ នាខែកក្កដា និងសីហាខាងមុខ។

ការអវត្តមានរបស់នាង ក៏នឹងក្លាយជាការបាត់បង់ធំមួយសម្រាប់កាំភ្លើងធំ Arsenal ផងដែរ ដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី២ ក្នុងលីគ Women's Super League៕