(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមភ្ញៀវហ្វីលីពីន នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 នាវេលាម៉ោង ៥ល្ងាចថ្ងៃទី២០ ខែធ្នូនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នេះគឺជាការប្រកួតដំបូងក្នុងពូល A ដែលមានបេក្ខភាពប្រកួតប្រជែង ៥ក្រុម រួមមានក្រុមគោព្រៃកម្ពុជា ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។ រីឯពូល B មាន ៥ក្រុមដូចគ្នា មានវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ ព្រឹត្តិការណ៍នេះ គ្រោងដំណើរការប្រកួតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ខាងមុខ។
លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ជំនួបបើឆាកនេះ បន្ទាប់ពីកម្ពុជា ធ្វើពុំបានល្អក្នុជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីកាលពីថ្មីៗ ដោយសារមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ដែលបង្ខំឲ្យលោកត្រូវព្យាយាមខ្លាំង ជាមួយការប្រើប្រាស់កីឡាករថ្មីៗ និងទម្រង់លេងជាច្រើន។
បុរសជនជាតិជប៉ុនរូបនេះបានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា «ចំពោះ AFF Mitsubishi Electric Cup 2022 នេះវិញ ការរៀបចំរបស់ពួកយើង គឺដំណើរការបានប្រសើរ ដោយយើងមានពេលវេលាសមរម្យ ក្នុងការធ្វើការងារជាមួយកីឡាករ ហើយសម្រាប់ការប្រកួតទល់ជាមួយហ្វីលីពីននេះ យើងនឹងប្រឹងប្រែងអនុវត្តទៅតាមផែនការនៃការហ្វឹកហាត់របស់យើងនាពេលកន្លងមកឲ្យបានល្អ»។
ដោយឡែកលោក Josep Ferre គ្រូបង្វឹកហ្វីលីពីន បានបង្ហាញភាពជឿជាក់លើកូនក្រុម ទោះបីការប្រកួតមិត្តភាពជាមួយវៀតណាម មុនធ្វើដំណើរមកកម្ពុជា ពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ១-០ ក៏ដោយ។
លោកថា «យើងបានលេងទល់នឹងវៀតណាម ដែលវាជាឱកាសក្នុងការត្រៀមខ្លួនសម្រាប់ពានរង្វាន់មួយនេះ។ ក្នុងមួយរយៈពេលខ្លីនេះដែរ យើងបានព្យាយាមធ្វើការណែនាំទៅដល់ក្រុមកីឡាករពីរបៀបលេង។ អ្វីដែលខ្ញុំផ្ដោតអារម្មណ៍នៅពេលនេះ គឺការត្រៀមខ្លួន និងរបៀបលេងរបស់ក្រុម ហើយការលេងប្រកួតដំបូងក្នុងពានអ្វីមួយ គឺតែងតែពិបាក។ យើងអាចនិយាយពីលទ្ធផលការប្រកួតមុនៗបាន ប៉ុន្ដែនៅពេលដែលបាល់ចាប់ផ្ដើមលេង គ្រប់យ៉ាងសុទ្ធតែអាចកើនឡើង។ កីឡាកររបស់យើងកំពុងផ្ដោតអារម្មណ៍ខ្លាំង វាធ្វើឲ្យខ្ញុំរំភើប និងជឿទុកចិត្តលើពួកគេ»។
គួរដឹងថា បន្ទាប់ពីជំនួបបើកឆាកជើងឯកអាស៊ីអាគ្នេយ៍ លើទឹកដីរបស់ខ្លួនល្ងាចនេះ ៣ថ្ងៃក្រោយ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី២៣ ខែធ្នូខាងមុខ។ បន្ទាប់មកទើបកម្ពុជាត្រូវបើកទ្វារផ្ទះជាថ្មី ទទួលក្រុមជម្រើសជាតិប៊្រុយណេវិញ នាថ្ងៃទី២៩ ខែធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕