(ភ្នំពេញ)៖ Starbucks បានបើកដំណើរការសាខាថ្មីមួយទៀត នៅខាងមុខផ្សារទំនើបអ៊ីអនម៉លមានជ័យ តាមបណ្តាយមហាវិថី សម្តេច ហ៊ុន សែន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ជាមួយការដាក់ដំណើរការ នូវការទិញកាហ្វេក្នុងបរិបទ Drive-thru លើកដំបូងនៅកម្ពុជា ដើម្បីពង្រីកសេវាកម្មបម្រើអតិថិជនបែបឌីជីថល និងផ្តល់នូវមធ្យោបាយកាន់តែងាយស្រួល សម្រាប់អតិថិជនកម្ពុជា ក្នុងការបញ្ជាទិញកាហ្វេទទួលទានប្រចាំថ្ងៃ។
ការដាក់ដំណើរការនូវការទិញកាហ្វេ ក្នុងបរិបទ Drive-thru លើកដំបូងនៅកម្ពុជា ស្របពេលជាមួយគ្នានឹងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជាដូចជា ការទូទាត់ប្រាក់ និងការទិញទំនិញជាដើម។
លោក ប៉ោ លីម អគ្គនាយក Starbucks នៅកម្ពុជាបានឱ្យដឹងថា ការបញ្ជាទិញកាហ្វេតាមបរិបទ Drive-thru នឹងកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន ជាពិសេសអ្នកដែលមានពេលវេលាតិច ដោយពួកគេអាចបញ្ជាទិញកាហ្វេបាន ដោយមិនចាំបាច់ចុះពីលើយាន្តជំនិះរបស់ខ្លួនឡើយ គ្រាន់តែបញ្ជាទិញរយៈប្រព័ន្ធឌីជីថលតែប៉ុណ្ណោះ។ លោកបន្តថា បទពិសោធន៍នៃការទិញកាហ្វេបែប Drive-thru នឹងធ្វើឱ្យអតិថិជនកាន់តែងាយស្រួល ចំណាយពេលវេលាតិច។
ហាងកាហ្វេ Starbucks ដែលដាក់ដំណើរការបែប Drive-thru ទី១ នៅកម្ពុជានេះ មានបំពាក់មកជាមួយប្រព័ន្ធត្រួតពិនិត្យឌីជីថល មីនុយឌីជីថល និងអេក្រង់អូឌីយ៉ូ រួមនឹងវីដេអូទៅមក សម្រាប់ទទួលការបញ្ជាទិញភេសជ្ជៈ និងអាហារ ដែលជាការផ្តល់នូវបទពិសោធន៍ថ្មី ប្លែក និងងាយស្រួលសម្រាប់អតិថិជន ដែលចូលចិត្តទទួលទានភេសជ្ជៈ ជាពិសេសកាហ្វេដែលមានគុណភាព និងរសជាតិឆ្ងាញ់។
លោក ប៉ោ លីម បានឱ្យដឹងបន្តថា សាខាថ្មីនេះ មានលក្ខណៈប្លែកពីសាខាមុនៗទាំងអស់ ក្រៅពីការដាក់ដំណើរការនូវបែបបទនៃការទិញកាហ្វេបែប Drive-thru សាខាថ្មីនេះក៏មានទីតាំងធំទូលាយ ដែលមានទំហំដល់ទៅ ៤៩០ ម៉ែត្រការ៉េ រួមនឹងរចនាម៉ូដ ស្របនឹងបរិបទសម័យថ្មី ទីតាំងចតរថយន្តធំទូលាយ និងជាកន្លែងដែលផ្តល់ភាពងាយស្រួលក្នុងការពិភាក្សាការងារផ្សេងៗ។
លោកបានបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក Starbucks ដែលដាក់ដំណើរការនូវបែបបទនៃការបញ្ជាទិញកាហ្វេបែប Drive-thru នេះមានតែនៅ១០ប្រទេសប៉ុណ្ណោះ រួមមាននៅ ប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និងនៅកម្ពុជា។
ហើយលោកបន្តថា អ្វីដែលជំរុញឱ្យ Starbucks វិនិយោគច្រើនលើសាខាថ្មី ស្ថិតនៅខាងមុខផ្សារទំនើបអ៊ីអនម៉លមានជ័យនេះ ដើម្បីបំពេញតម្រូវការអតិថិជន ដែលត្រូវការកន្លែងចត និងទីតាំងណាត់ជួបគ្នាធំទូលាយ។ ទន្ទឹមគ្នានេះ ដោយសារតែនៅតាមបណ្តោយផ្លូវ មហាវិថី សម្តេច ហ៊ុន សែន ពីរបីឆ្នាំខាងមុខ នឹងមានការរីកចម្រើនខ្លាំង ស្របពេលដែលព្រលានយន្តហោះភ្នំពេញថ្មី គ្រោងនឹងដាក់ដំណើរនាពេលខាងមុខផងដែរ។
Starbucks គឺជាម៉ាកសញ្ញាកាហ្វេមកពីសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧១ បច្ចុប្បន្ននេះ មាននៅ៨៤ប្រទេស ដែលមានហាង ៣២០០០ នៅជុំវិញពិភពលោក។ Starbucks បានចូលមកកម្ពុជាអស់ រយៈពេល៧ឆ្នាំហើយ និងបានពង្រីកសាខាជាបន្តបន្ទាប់ចំនួន ៣៦ សាខាគិតត្រឹមឆ្នាំ ២០២២ នៅក្នុងទីក្រុងភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង។ នាពេលខាងមុខ ប្រេនកាហ្វេមួយនេះនឹងពង្រីកទីតាំងផ្សេងទៀតផងដែរ។
សម្រាប់ការបើកដំណើរការសាខាថ្មីនេះ Starbucks នឹងផ្តល់នូវប្រូម៉ូសិនពិសេស រួមមាន សម្រាប់អតិថិជន ៤០០ នាក់ដំបូងដែលទិញភេសជ្ជៈទំហំកណ្តាលឬធំ តាមច្រក Drive-Thru នៅថ្ងៃទី ២០ ធ្នូនេះ នឹងទទួលបានដបទឹក Starbucks ១ ដបដោយឥតគិតថ្លៃ។ លើសពីនេះទៀត Starbucks ក៏នឹងមានការផ្តល់ជូន ទិញ ១ ថែម ១ លើភេសជ្ជៈប្រភេទហ្វ្រាបពូឈីណូ ទំហំកណ្តាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងការបញ្ចុះតម្លៃផ្សេងៗជាច្រើនទៀតផងដែរ៕