(បរទេស)៖ តុលាការពាណិជ្ជកម្មទីក្រុងប៉ារីសនៅថ្ងៃចន្ទម្សិលមិញនេះបានពិន័យក្រុមហ៊ុន Apple នូវទឹកប្រាក់ជាង ១លានអឺរ៉ូ (ប្រហែល ១,០៦លានដុល្លារអាមេរិក) សម្រាប់ការបំពានច្បាប់ពាណិជ្ជកម្មលើអ្នកបង្កើតកម្មវិធីនៅក្នុងប្រទេសបារាំង ក្នុងការចូលទៅកាន់ App Store។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ទំហំទឹកប្រាក់ដែលតុលាការផាកពិន័យនេះ វាតិចតួចខ្លាំងណាស់បើធៀបទៅនឹងប្រាក់ចំណេញរបស់ Apple ដែលទទួលបានពី App Store នោះ ប៉ុន្តែការផាកពិន័យនេះវាជាសញ្ញាផ្លូវច្បាប់មួយដើម្បីដាក់សម្ពាធដល់ក្រុមហ៊ុន Apple ក្នុងការបន្ធូរបន្ថយ​ការគ្រប់គ្រងនៅលើ App Store ព្រោះមានតែវិធីនេះទេ ដែលអាចជួយឱ្យក្រុមអ្នកបង្កើតកម្មវិធីទទួលបានផ្ដល់សិទ្ធិ ឬលក្ខខណ្ឌ​ពេញលេញ ហើយអ្នកដែលចំណេញបំផុតនោះគឺអ្នកប្រើប្រាស់។

អ្នកនាំពាក្យរបស់ Apple បាននិយាយថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញទៅលើសេចក្ដីសម្រេចនេះ ហើយខ្លួនជឿជាក់ថា អ្វីដែល​បានធ្វើកន្លងមកគឺជាទីផ្សារដ៏រស់រវើក ប្រកួតប្រជែង និងការច្នៃប្រឌិតបំផុត។

គួរបញ្ជាក់ផងដែរថា មិនមែនមានតែ Apple មួយនោះទេ ដែលទទួលរងសម្ពាធផ្លូវច្បាប់ពីសំណាក់សហភាពអឺរ៉ុប និងបណ្ដាញ​ប្រទេសដែលជាសមាជិកនោះ គឺមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា Google, Microsoft និង Facebook ជាដើម សុទ្ធតែ​ស្ថិតនៅក្នុងគម្នៀបផ្លូវច្បាប់មួយនេះ៕