(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង បានលើកឡើងថា កីឡាជាទូតសន្តិភាព ហើយនាំមកនូវមិត្តភាព សាមគ្គីភាព សុភមង្គល និងនាំយុវជនឱ្យចាកឆ្ងាយពីគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល លើកឡើងបែបនេះក្នុងពិធីបើកការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកស្រី ប៉ែន ចន្នី ដើម្បីអបអរសាទថ្ងៃចូលឆ្នាំសកល២០២៣ និងទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៣) នៅទីបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

លោករំលឹកថា វិស័យកីឡាមានការរីកចម្រើនឡើងបន្ថែមទៀតក្នុងន័យលើកកម្ពស់វិស័យកីឡា ក្រោមយុទ្ធសាស្ត្រសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ។

លោកប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះបានឲ្យដឹងថា ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកស្រី ប៉ែន ចន្នី ឆ្នាំនេះមាន២០ក្រុមកីឡាករចំនួន២៨០នាក់ជាង នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយការប្រកួតបានបែងចែកជា៤ពូល នាព្រឹកថ្ងៃអង្គារ ដែលចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានលើកឡើងថា ការរៀបចំកម្មវិធីនេះឡើង គឺជារាល់លើកដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ និងស្របតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទនោះ។

លោកបានបន្តថា សន្តិភាពប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន បើគ្មានអុកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។ ដោយសារកត្តាសុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗរហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ។ កម្ពុជាពិតជាសំណាងណាស់ ដែលយើងមានប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ធ្វើឲ្យមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

លោកបានផ្តាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងវិធានការសុខាភិបាល៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បាននាំយកថវិកានាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី ឧបត្ថម្ភដល់កីឡាករទាំង២០ក្រុម មួយក្រុមៗ១លានរៀល ឧបត្ថម្ភដល់គណៈកម្មការនិងគ្រូបង្វឹកកីឡាមួយម្នាក់ៗ២០ម៉ឺនរៀលផងដែរ៕