(បរទេស)៖ បទចម្រៀងសម្រាប់ខ្សែភាពយន្តដ៏ល្បីរបស់ Jemes Camero «Avatar: The Way of Water» ច្រៀងដោយតារាល្បី The Weeknd នឹងបញ្ចេញជាផ្លូវការ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ស្របពេលដែលខ្សែភាពយន្ត កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅតាមរោងកុនជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
ភាពយន្តបែបវិទ្យាសាស្ត្រ «Avatar: The Way of Water» ត្រូវបានគេដឹងថា កំពុងតែដណ្តើមចំណែកទីផ្សារនៅតាមរោងភាពយន្តនានា ដោយគ្រាន់តែសប្តាហ៍ដំបូងនៃកាចាក់បញ្ចាំងរឿងនេះ កើបប្រាក់បានខ្ទង់ ៤៣៥លានដុល្លារជុំវិញពិភពលោក។ អ្វីដែលទស្សនិកជនរង់ចាំ គឺបទចម្រៀងសម្រាប់ភាពយន្តមួយនេះ នឹងចេញជាផ្លូវការ នៅថ្ងៃទី២០ ខែធ្នូនេះហើយ ដែលតន្ត្រីត្រូវបានចូលរួមធ្វើ និងពិនិត្យដោយអ្នកនិពន្ធដែលឈ្នះពានរង្វាន់ Grammy លោក Simon Franglen។ បទចម្រៀងនេះនិពន្ធនិងសម្តែងដោយតារាចម្រៀង The Weeknd។ វាត្រូវបានផលិតដោយ Swedish House Mafia រួមជាមួយ Simon Franglen។
គួរជម្រាបថា ខ្សែភាពយន្តបែបវិទ្យាសាស្ត្រដ៏ល្បីរឿង «Avatar» វគ្គ២ បានបើកឆាកសប្ដាហ៍ដំបូងជាមួយចំណូល ៤៣០លានដុល្លារ ខណៈអ្នកជំនាញនិយាយថា តួលេខនេះគឺតិចជាងការរំពឹងទុករបស់ផលិតកម្ម។ ក្រុមអ្នកវិភាគពី Box office បាននិយាយថាភាពយន្ត «The Way of Water» នៅមានឱកាសទាក់ទាញទស្សនិកជន ជាលក្ខណៈគ្រួសារយ៉ាងច្រើនក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលខាងមុន ខណៈមិនមានភាពយន្តធំៗចេញប្រកួតប្រជែងឡើយ រហូតដល់ខែកុម្ភៈ៕