(បរទេស)៖ ក្នុងរយៈពេលប៉ុន្មានខែមកនេះ មានពាក្យចចាមអារ៉ាមជាច្រើននទាក់ទិន នឹងការប្រកាស ចេញ iPhone SE ជំនាន់ចុងក្រោយរបស់ Apple។ យ៉ាងណាមិញប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានបង្ហោះសារនៅលើ Twitter នាពេលថ្មីៗនេះថា Apple កំពុងតែពិចារណា ក្នុងការ លុបចោល ឬអាចនឹងពន្យាពេលការផលិត iPhone SE 4 ជំនាន់ថ្មីរហូតដល់ឆ្នាំ២០២៤ ឯណោះ។ នេះបើ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9TO5Mac នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងករណីនេះលោក Kou បានគូសបញ្ជាក់ថា ទាំងនេះក៏ដោយសារ តែតម្រូវការទាបក្នុងការ ដាក់លក់ស្មាតហ្វូនកម្រិតមធ្យមរួមមាន iPhone SE ជំនាន់ទី៣ iPhone 13 mini និង iPhone 14 Plus។ លោកបានបន្ថែមទៀតថា Apple មានបំណងឌីហ្សាញអេក្រង់ស្មាតហ្វូនដែលមានទំហំពេញសម្រាប់ iPhone SE 4 ដែលវាទាមទារឱ្យចំណាយថ្លៃដើមខ្ពស់ ដូច្នេះនេះក៏អាចជាហេតុផលដ៏ធំមួយដែល Apple ត្រូវពិចារណាឡើងវិញនូវទីតាំងផលិត ក៏ដូចជាទំហំនៃការវិនិយោគរបស់ខ្លួន។

បើយោងតាមពាក្យចចាមអារ៉ាមកន្លងមកបានឱ្យដឹងថា iPhone SE 4 ជំនាន់ថ្មីរបស់ Apple អាចនឹងមកជាមួយនឹងអេក្រង់ LCD ឬ OLED ទំហំ ៦.១អ៊ីញ រួមជាមួយនឹងស្នាម Notch នៅផ្នែកខាងលើដូចទៅនឹង iPhone 14 បច្ចុប្បន្នផងដែរ៕