(សេវីល)៖ ក្លិបបាល់ទាត់អេស្ប៉ាញ Sevilla បានសម្រេចនូវកិច្ចព្រមព្រៀងមួយជាមួយនឹងខ្សែបម្រើ Isco ដើម្បីបញ្ចប់កិច្ចសន្យារបស់លោក។ នេះបើតាមបានឲ្យដឹងពីក្លិបដែលលេងនៅលីគ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

អតីតកីឡាកររបស់ក្លិប Real Madrid បានចូលរួមជាមួយ Sevilla កាលពីខែសីហា ហើយបានបង្ហាញខ្លួន ១៩លើក សម្រាប់ក្លិប ដោយបានស៊ុតបញ្ចូលទី ១គ្រាប់។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានចាកចេញពីក្លិប Real Madrid កាលពីខែឧសភា បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ៩ឆ្នាំ ដោយបានឈ្នះពានរង្វាន់ចំនួន១៩ ក្នុងនោះរួមបញ្ចូលទាំងពានរង្វាន់លីគចំនួន៣, ពានរង្វាន់ Champions League ចំនួន៥ និងពានរង្វាន់ Club World Cups ចំនួន ៤ផងដែរ៕