(ប៉ារីស)៖ សហព័ន្ធបាល់ទាត់បារាំង (FFF) បានថ្កោលទោស ចំពោះការរើសអើងជាតិសាសន៍ តាមប្រព័ន្ធអនឡាញដោយផ្ទាល់ ចំពោះក្រុមកីឡាកររបស់ខ្លួន ហើយប្តេជ្ញានឹងចាត់វិធានការ បន្ទាប់ពីពួកគេបានរងការរើសអើង ដោយសារក្រុមបានចាញ់អាហ្សង់ទីន ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីថ្ងៃអាទិត្យនៅប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

BBC បានរាយការណ៍កាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធបារាំង Kingsley Coman និងខ្សែបម្រើ Aurelien Tchouameni គឺជាប្រធានបទ ចំពោះការរើសអើងជាតិសាសន៍តាមអនឡាញ បន្ទាប់ពីពួកគេស៊ុតបាល់ប៉េណាល់ទីមិនចូលទី ក្នុងវគ្គផ្តាច់ព្រ័ត្រ។

«បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ World Cup កីឡាករមួយចំនួននៃក្រុមជម្រើសជាតិបារាំង បានក្លាយជាប្រធានបទនៃការរើសអើងជាតិសាសន៍ និងការលើកឡើងដោយភាពស្អប់ ដែលមិនអាចទទួលយកបានលើប្រព័ន្ធសង្គម» FFF បានសរសេរលើ Twitter។

«FFF បានថ្កោលទោសពួកគេ ហើយនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងការលើកឡើងរបស់ពួកគេ»

អ្នកចាំទីអាហ្សង់ទីន Emiliano Martinez បានសង្គ្រោះបាល់របស់ Coman ខណៈ Tchouameni បានស៊ុតខុសទីធ្វើឲ្យបារាំងបរាជ័យ ក្នុងការរក្សាពានរង្វាន់ដែលពួកគេបានឈ្នះ កាលពីឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី៕