(ហ្សាកាតា)៖ ក្រុមជម្រើសជាតិកម្ពុជា បានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ កាលពីយប់មិញ ក្រោយធ្វើដំណើរជាច្រើនម៉ោង បន្ទាប់ពីមានការពន្យារពេល ២លើក រហូតធ្វើឲ្យក្រុមគោព្រៃ ត្រូវខកខានគម្រោងធ្វើការហ្វឹកហាត់បន្ទាប់ពីទៅដល់។ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងការមិនពេញចិត្ត ចំពោះកាលវិភាគប្រកួតពានរង្វាន់ AFF Mistubishi Electric Cup 2022 ឡើយ។

ក្រោយយកឈ្នះហ្វីលីពីន ៣-២ ក្នុងដី កម្ពុជាត្រូវធ្វើដំណើរទៅក្រៅដីវិញម្ដង ពោលគឺត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនាថ្ងៃទី២៣ ខែធ្នូស្អែកនេះ។ ដូច្នេះក្រុមកម្ពុជា ត្រូវធ្វើដំណើរទាំងតក់ក្រហល់ ដើម្បីធ្វើការប្រកួតបន្ទាប់ នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍នេះ ដោយពួកគេបានធ្វើដំណើរដល់ប្រទេសឥណ្ឌូនេស៊ី កាលពីម៉ោង ១០៖៤៥នាទីយប់មិញ ក្រោយពីជើងហោះហើរពន្យារពេល ២លើក មុនចំណាយពេល ១ម៉ោងទៀត ដើម្បីធ្វើដំណើរទៅសណ្ឋាគារស្នាក់នៅ។

ជាមួយដំណើរស្ទើរគ្មានពេលសម្រាកនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ត្រូវខកខានការហ្វឹកហាត់ កាលពីល្ងាចមិញ ហើយនៅសល់តែការហ្វឹកហាត់ផ្លូវការ មុនជួបឥណ្ឌូនេស៊ីប៉ុណ្ណោះ។ យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់លើបណ្ដាញសង្គមផ្លូវការ កាលពីយប់មិញថា «គម្រោងដែលនឹងត្រូវមកដល់ពេលល្ងាចថ្ងៃនេះ (ម្សិលមិញ) ហើយធ្វើការហ្វឹកហាត់ ត្រូវបានលុបចោល។ ក្រុមរបស់យើង នៅសល់ពេលថ្ងៃស្អែកមួយថ្ងៃទៀត(ថ្ងៃនេះ)ក្នុងការហ្វឹកហាត់»

ជុំវិញកាលវិភាគដ៏មមាញឹកនេះ លោក Honda ហាក់មិនពេញ និងទទួលយកឡើង ដោយលោកបានបង្ហោះសារថា «កាលវិភាគប្រកួត Mitsubishi Cup គឺមិនអាចទទួលយកបានទេ។ តើអ្នកអាចស្រមៃមើលថា តើកាលវិភាគខាងក្រោមពិបាកប៉ុណ្ណា? ថ្ងៃទី២០ វេលាម៉ោង ១៧៖០០ ប្រកួតទល់នឹងហ្វីលីពីន នៅកម្ពុជា ថ្ងៃទី២១ ធ្វើដំណើរទៅឥណ្ឌូនេស៊ី (គ្មានការហ្វឹកហាត់) ថ្ងៃទី២២ ហ្វឹកហាត់ផ្លូវការមុនការប្រកួត និងថ្ងៃទី៣ វេលាម៉ោង ១៩៖៣០នាទី ត្រូវប្រកួតទល់នឹងឥណ្ឌូនេស៊ី (ក្រៅដី) ខណៈឥណ្ឌូណេស៊ី ត្រូវប្រកួតជាមួយយើង តែជាការប្រកួតជាលើកដំបូងក្នុងពានរង្វាន់នេះ»

គួរដឹងថា នេះគឺជាការប្រកួតដំបូងរបស់ឥណ្ឌូនេស៊ី ហើយត្រូវធ្វើការប្រកួតលើទឹកដីពួកគេថែមទៀត។ ការណ៍នេះ បានធ្វើឲ្យថ្នាក់ដឹកនាំ ពិសេសអ្នកគាំទ្រក្រុមគោព្រៃកម្ពុជា មានការព្រួយបារម្ភ ដ្បិតកីឡាកររបស់កម្ពុជា ដែលទើបធ្វើការប្រកួតដ៏ស្វិតស្វាញ់ជាមួយហ្វីលីពីន កាលពី ២ថ្ងៃកន្លងទៅ បានធ្វើដំណើរស្ទើរគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ មុនជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ។ បច្ចុប្បន្នកម្ពុជា កំពុងឈរលេខ២ ក្នុងពូល A ដោយមាន ៣ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាងថៃ៕