(បរទេស)៖ ស្របពេលដែលខ្សែភាពយន្តខ្នាតធំដ៏ល្បី «Avatar 2» ឬ «Avatar: The Way of Water» កំពុងតែវាយលុកក្នុងរោងភាពយន្តនានាជុំវិញពិភពលោកនោះ ថ្មីៗនេះស្រាប់តែលេចលឺដំណឹងដ៏ភ្ញាក់ផ្អើលមួយ ពាក់ព័ន្ធនឹងតួសម្តែងក្នុងរឿងនេះ គឺតួក្មេងស្រី Kiri ដែលមានវ័យ១៤ឆ្នាំក្នុងរឿងនេះ សម្តែងដោយតារាស្រីវ័យ៧៣ឆ្នាំ ឈ្មោះថា Sigourney Weaver។

បើយោងតាមគេហទំព័រ Comicbook បានចេញផ្សាយពីអារម្មណ៍ពិតមួយចំនួនរបស់ទស្សនិកជន ដែលបានទស្សនារឿង  «Avatar 2» រួចរាល់ ដោយគ្រប់គ្នាសុទ្ធតែកោតសរសើរពីទេពកោសល្យរបស់លោកស្រី Sigourney Weaver ត្បិតថា ទោះឈានដល់វ័យ៧៣ឆ្នាំ ហើយក្តី តែលោកស្រីអាចសម្តែងតួក្មេងស្រីវ័យ១៤ឆ្នាំយ៉ាងល្អឥតខ្ចោះតែម្តង។ តែយ៉ាងណា វាក៏មិនមែនជារឿងងាយស្រួលដែរ ក្នុងការសម្តែងតួអង្គក្មេងបែបនេះ ត្បិតថា ក្រោយសម្រេចទទួលតំណែងតួនេះ អ្នកស្រី Sigourney ព្យាយាមហ្វឹកហាត់ពត់សំឡេង និងរៀននិយាយឲ្យត្រូវនឹងវ័យតួដែលខ្លួនត្រូវសម្ដែង។

គួរជម្រាបថា ប្រឡូកក្នុងវិស័យសិល្បៈតាំងពីវ័យ២២ឆ្នាំ និងបច្ចុប្បន្នឈាន ចូល វ័យ ៧៣ឆ្នាំពិតមែន ប៉ុន្តែតារាហូលីវូដរូបនេះ នៅតែមានឥទ្ធិពលប្រចាំវិស័យសម្ដែង និង Fashion ដោយជារឿយៗលោកស្រីតែងត្រូវបានជ្រើសជា តារាគ្របមុខរបស់ទស្សនាវដ្ដី Vogue, Elle និង កម្មវិធីជាច្រើនទៀតមាន Met Gala, Oscar ជាដើម។ នៅជីវិតពិត តារាស្រីរូបនេះមានវ័យ ៧៣ឆ្នាំទៅហើយ ហើយកម្ពស់ក៏ខ្ពស់ដែរ គឺដល់ទៅ ១៨៥សង់ទីម៉ែត្រ៕