(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Ezecom បានរួមចំណែកក្នុងរបៀបវារៈនៃសន្និសីទ Digital Forensics Symposium ដើម្បីបង្កើនសុវត្ថិភាពអ៉ីនធើណិត តាមរយៈគំនិតផ្តួចផ្តើមដែលកំពុងបន្តឆ្ពោះទៅរកការពង្រឹងគោលការណ៍ឯកជនភាព និងការការពារទិន្នន័យ «របស់ក្រុមហ៊ុន Ezecom» ការចុះឈ្មោះស៊ីមកាត «របស់ក្រុមហ៊ុន Cellcard» ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលផងដែរ។

នាឱកាសសន្និសីទ Digital Forensics Symposium ដែលបានធ្វើឡើងនៅថ្ងៃទី១៤ ដល់ ១៥ ខែធ្នូ នៅសណ្ឋាគារកាំបូឌីយ៉ាណា បានបង្ហាញពីតម្រូវការឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល និងស្ថាប័នឯកជន ដើម្បីកាត់បន្ថយការប្រឈមរបស់កុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៉ីនធើណិត (OCSE)។

កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ និងកំពុងលូតលាស់បន្ថែមឆ្ពោះទៅរកអនាគតឌីជីថល។ ទោះយ៉ាងណា នៅក្នុងប្រទេសមួយដែលចំនួនប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុបមានអាយុក្រោម ២៥ឆ្នាំ ឌីជីថលនីយកម្មតម្រូវឲ្យមានក្របខ័ណ្ឌច្បាប់ការពារកុមារដ៏រឹងមាំ។

នៅដើមឆ្នាំ២០២២ អត្រាប្រើប្រាស់អ៉ីនធើណិតនៅកម្ពុជាមានចំនួន ៧៨,៨ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប ពោលគឺមានប្រជាជនប្រមាណ ១៣,៤៤លាននាក់ប្រើប្រាស់អ៉ីនធើណិត។ ការរាយការណ៍ករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាម អ៉ីនធើណិតក៏មានការកើនឡើងដូចគ្នា។ គិតត្រឹមខែសីហាឆ្នាំនេះ ករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៉ីនធើណិត ត្រូវបានរាយការណ៍ថាមានចំនួន ១៨៣ ករណីនេះ បើយោងតាមអង្គការ Action Pour Les Enfants។ មុនពេលមានរោគរាតត្បាតកូវីដ-១៩ ករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៉ីនធើណិត ដែលត្រូវបានរាយការណ៍ទៅអាជ្ញាធរជាមធ្យមមានប្រហែល ១៥០ករណីក្នុងមួយឆ្នាំ។

នៅឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងក្រសួងមហាផ្ទៃ (MoI) បានដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការសកម្មភាពជាតិរយៈពេលប្រាំឆ្នាំ ២០២១-២០២៥ ដើម្បីទប់ស្កាត់និងឆ្លើយតបទៅនឹងការកើនឡើងករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ិនធើណិតនៅក្នុងប្រទេសកម្ពុជា។

តួនាទីចម្បងរបស់សន្និសីទ Digital Forensics Symposium គឺពិនិត្យមើលស្ថានភាពបទល្មើសឌីជីថលនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការស៊ើបអង្កេតនិងទប់ស្កាត់បទល្មើសតាមអ៊ិនធើណិត និប្រព័ន្ធបច្ចេកវិទ្យាដែលកើតឡើងទៅលើកុមារតាមរយៈការផ្លាស់ប្តូរចំណេះដឹង។

ខ្លឹមសារសំខាន់ៗនៃសន្និសីទរយៈពេលពីរថ្ងៃនេះ រួមមានការពិភាក្សាជុំវិញក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណិត ជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Ezecom ដែលបានបង្ហាញគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ស្តង់ដារឯកជនភាព ការការពារទិន្នន័យ និងការកំណត់អត្តសញ្ញាណ។

ចំនួនយុវវ័យប្រើប្រាស់អ៊ិនធើណិត មានការកើនឡើងជារៀងរាល់ថ្ងៃ ហើយមនុស្សជាច្រើនងាយនឹងទទួលរងការកេងប្រវ័ញ្ចផ្លូវភេទនៅលើប្រព័ន្ធអ៉ីនធើណិត។ បទល្មើសទាំងនេះអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់យុវជន និងកុមាររួមមានដូចជាផលប៉ះពាល់បញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ និងការប៉ះពាល់ផ្នែកអារម្មណ៍ ដែលនាំឱ្យមានករណីខ្លះឈានដល់ការធ្វើអត្តឃាតទៀតផង។

កុមារ ដែលត្រូវបានគេធ្វើបាបទទួលរងរបួសផ្លូវអារម្មណ៍ និងផ្លូវចិត្តពេញមួយជីវិត។ បញ្ហាទាំងនេះអាចប៉ះពាល់ដល់សហគមន៍របស់យើង និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សក្តានុពលរបស់ធនធានមនុស្សក្នុងប្រទេសរបស់យើង។ កាខាតបង់ផ្នែកសេដ្ឋកិច្ចទៅលើការថែទាំសុខភាពនិងការប្រយុទ្ធប្រឆាំងនឹងករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៉ីនធើណិតពិតជាមានទំហំធំធេង។ កុមារទាំងអស់មានសិទ្ធិទទួលបានការការពារពិសេស និងសិទ្ធិទទួលបានឱកាសដើម្បីទទួលបានអត្ថប្រយោជន៍ជាវិជ្ជមានពីរាល់ឧបករណ៍អនឡាញ កម្មវិធី និងការចូលប្រើប្រាស់អ៊ីនធឺណិត។

លោកស្រី Irina Afonina នាយកផ្នែកអភិវឌ្ឍន៍ផលិតផល និងព័ត៌មានមុនការលក់នៃក្រុមហ៊ុន Ezecom បានថ្លែងថា «យើងគ្រប់គ្នាសុទ្ធតែចង់ឱ្យកូនៗរបស់ខ្លួនរស់នៅក្នុងសង្គមប្រកបដោយសុខភាពល្អ និងសន្តិភាព។ ដូច្នេះយើងទាំងអស់គ្នាមានតួនាទីក្នុងការទប់ស្កាត់បទល្មើសតាមប្រព័ន្ធអ៉ីនធើណិត និងធានាថាបច្ចេកវិទ្យាអនឡាញនិងប្រព័ន្ធអ៉ីនធើណិតប្រកបដោយគុណភាពផ្តល់អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់។

សន្និសីទ Digital Forensic គឺជាឱកាសដ៏ល្អមួយដើម្បីជួបជុំអ្នកជំនាញ និងភាគីពាក់ព័ន្ធដើម្បីបង្កើតបណ្តាញ ភាពជាដៃគូ ផ្តោះផ្តូរគំនិតគ្នានិងជំនាញ សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ បង្កើតទំនុកចិត្ត និងធ្វើការងារកាន់តែលឿនរហ័ស និងកាន់តែមានប្រសិទ្ធភាពសម្រាប់សេណារីយ៉ូសង្គ្រោះបន្ទាន់ណាមួយ។ ក្រុមហ៊ុន Ezecom បន្តកិច្ចសហប្រតិបត្តិការ និងសហការ យ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារពាក់ព័ន្ធនានា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងប្រមូលភស្តុតាងសម្រាប់ការស៊ើបអង្កេត និងបន្តបេសកកម្មសាជីវកម្មរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសអនឡាញ និងការពារកុមាររបស់យើង»

លោក Laszlo Barta ប្រធានផ្នែកកិច្ចការសាជីវកម្ម (CCAO) នៃក្រុមហ៊ុន Cellcard បានបន្ដថា «ការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យទូរគមនាគមន៍ចល័តកើតមានឡើងស្របជាមួយនឹងការកើនឡើងខ្លាំងយ៉ាងនូវហានិភ័យនៃការប្រឈមនឹងបទល្មើសសាយប័រ។ នៅក្រុមហ៊ុន Cellcard យើងយល់ពីបញ្ហាប្រឈមនេះ ដូច្នេះក្រៅពីការចាត់វិធានការដ៏រឹងមាំដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់ទាក់ទងនឹងឯកជនភាព និងសុវត្ថិភាព យើងក៏សហការជាមួយស្ថាប័នអនុវត្តច្បាប់ស្ថិតក្នុងក្របខ័ណ្ឌដែលច្បាប់បានកំណត់ផងដែរ។ សារៈសំខាន់នៃការការពារកុមារពីការគំរាមកំហែងផ្សេងៗនៅក្នុងតាមអ៉ីនធើណិត ខណៈពេលដែលពួកគេប្រើប្រាស់ទូរស័ព្ទចល័តពិតជាមានទំហំធំធេង។ នេះជាមូលហេតុដែលនៅក្រុមហ៊ុន Cellcard យើងមានមោទនភាពក្នុងការសហការឧបត្ថម្ភសន្និសីទ Digital Forensic Symposium នេះដែលរៀបចំដោយអង្គភាពការពារកុមារ និងអគ្គស្នងការនគរបាលជាតិ»

ក្នុងព្រឹត្តិការណ៍នោះ ករណីសិក្សានានាក៏ត្រូវបានលើកយកមកបង្ហាញដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋាននគបាលបច្ចេកនិងវិទ្យាសាស្ត្រ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ ករណីសិក្សាទាំងនេះបានផ្តល់ជាឧទាហរណ៍អំពីនីតិវិធីភស្តុតាងឌីជីថល និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយការស៊ើបអង្កេត។ បទបង្ហាញទាំងនេះបានបង្កើតការយល់ដឹងកាន់តែប្រសើរអំពីនីតិវិធីស៊ើបអង្កេត ដែលអាចធ្វើតាមបានសម្រាប់ករណីនាពេលអនាគត។

ដោយមានការឯកភាពពី លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការគាំទ្រដ៏ថ្លៃថ្លាពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Cellcard អង្គភាពការពារកុមារបានរៀបចំសន្និសីទ Digital Forensic Symposium នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញនៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២។

សន្និសីទនេះ មានការចូលរួមពីស្ថាប័នផ្សេងៗដូចជា អង្គភាពការពារកុមារ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងនាយកដ្ឋាននគបាលបច្ចេកនិងវិទ្យាសាស្ត្រ។ សន្និសីទនេះក៏មានការចូលរួមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អ្នកជំនាញនៅក្នុងវិស័យនេះ និងអ្នកជំនាញបច្ចេកវិទ្យា ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលតំណាងឱ្យវិស័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៉ីនធើណិត និងការការពារកុមារ។

សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។ ក្រុមហ៊ុន រ៉ូយាល់គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារនិងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរ និងកសិកម្ម៕