(បរទេស)៖ ខណៈដែលក្រុមហ៊ុន Twitter កំពុងតែជួបភាពចម្រូងចម្រាស់ស្ទើរតែបាត់ក្រុមហ៊ុនក្នុងអំឡុងប៉ុន្មានខែមកនេះ មានបណ្តាញផ្សព្វផ្សាយសង្គមតូចមួយដែលមានឈ្មោះថា Mastodon បានកំពុងសម្ងំទាញយកប្រជាប្រិយភាពយ៉ាងច្រើន ដែលត្រឹមតែរយៈពេលមួយម៉ោងមានអ្នកចូលប្រើប្រាស់កើនឡើងរហូតដល់ ១០,០០០នាក់ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
Mastodon គឺជាកម្មវិធីដែលដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ និងជាប្រភពបើកចំហសម្រាប់ដំណើរការសេវាកម្មបណ្តាញផ្សព្វផ្សាយសង្គម ហើយវាមានលក្ខណៈពិសេស Microbloggig ស្រដៀងទៅនឹង Twitter អ៊ីចឹង ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាលក្ខណៈឯករាជ្យ ដោយមិនស្ថិតនៅក្រោមការគ្រប់របស់ក្រុមហ៊ុន ឬស្ថាប័នរដ្ឋនោះឡើយ។
តាមរយៈទិន្នន័យរៀងរាល់ម៉ោងពី Mastodon បានបង្ហាញឱ្យឃើញថា ចាប់តាំងពី Musk ឈានចូលកាន់កាប់នៅ Twitter ជាផ្លូវការកាលពីចុងខែតុលា បណ្តាញផ្សព្វផ្សាយសង្គមនេះហាក់ទទួលបានការគាំទ្រខ្លាំង ដោយកាលពីត្រឹមថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២៦ ខែតុលា បណ្តាញផ្សព្វផ្សាយសង្គមនេះមានអ្នកចូលប្រើប្រាស់ថ្មីៗត្រឹមតែ ១៣០នាក់ក្នុងមួយម៉ោងប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃទី២៨ ខែតុលា បន្ទាប់ពី Musk សម្រេចទិញយក Twitter ទាំងស្រុង Mastodon ចាប់ផ្តើមឃើញសន្ទុះអ្នកប្រើប្រាស់ថ្មីៗកើនឡើងខ្លាំងដែលឈានដល់ ២,០០០នាក់ក្នុងមួយម៉ោង។
តែយ៉ាងណាចាប់តាំងពីពេលនោះមកអ្នកប្រើប្រាស់ថ្មីនៅតែបន្តបង្កើតគណនី ក៏ដូចជាចុះឈ្មោះចូលប្រើប្រាស់ជាបន្តបន្ទាប់ដោយចំនួននោះបានឈានដល់ ៥,០០០នាក់ក្នុងមួយម៉ោង ស្របពេលដែល Musk ចាប់ផ្តើមបញ្ឈប់ការងារទ្រង់ទ្រាយធំ ហើយគិតមកទល់ពេលនេះ Mastodon កំពុងតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ដែលត្រឹមតែមួយម៉ោងពេលនេះអ្នកប្រើប្រាស់បានកើនឡើងដល់ ១០,០០០នាក់ឯណោះ បន្ទាប់ពីបុគ្គលិកមួយផ្នែកធំបានលាលែងពីតំណែង និងក្រោយ Musk ដាក់ឱសានវាទតាមអ៊ីមែលកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា៕