(អាមេរិក)៖ តារាចម្រៀងប៉ុបល្បីឈ្មោះរបស់កាណាដា Justin Bieber ត្រូវបានរាយការណ៍មកថា ជិតឈានដល់កិច្ចព្រមព្រៀងតម្លៃប្រហែល ២០០លានដុល្លារ ដើម្បីលក់សិទ្ធិតន្ត្រីរបស់លោកទៅឲ្យក្រុមហ៊ុន Hipgnosis Songs Capital។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

បើតាមរបាយការណ៍ពី The Wall Street Journal បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ រួមមានផលប្រយោជន៍របស់តារាជនជាតិកាណាដារូបនេះ ទាំងបទចម្រៀងដែលមិនទាន់ចេញលក់ និងបទចម្រៀងដែលចេញផ្សាយរួចហើយ នាពេលកន្លងមក។ Hipgnosis បានទិញបទចម្រៀងពីសិល្បករជាច្រើន ដោយពួកគេនឹងទទួលបានប្រាក់ចំណូលវិញនៅពេលដែលចម្រៀងទាំងនោះ ត្រូវបានចូលស្ដាប់លើអ៊ីនធឺណិត ឬប្រើប្រាស់ក្នុងភាពយន្ត ឬការផ្សាយពាណិជ្ជកម្មនានា។

Justin Bieber ចាប់ផ្ដើមទទួលបានភាពល្បីល្បាញតាំងពីអាយុ ១៣ឆ្នាំ បន្ទាប់ពីជោគជ័យនៃបទ «Baby»។ កាលពីខែមិថុនា តារាចម្រៀងប៉ុបរូបនេះបានលាតត្រដាងថា លោកត្រូវបានពិនិត្យឃើញមានជំងឺខ្វិនមុខ ដែលធ្វើឲ្យផ្ទៃមុខពាក់កណ្តាល មិនអាចធ្វើចលនាធម្មតាបាន និងបង្ខំឲ្យលោកត្រូវលុបចោលការប្រគំតន្ត្រីទាំងអស់៕