(បរទេស)៖ ទីបំផុតអក្សរដែលពិបាកអានបំផុតពេលនេះមានដំណោះស្រាយហើយ ជាមួយនឹងមុខងារ Google Lens។ ដោយពេលថ្មីៗនេះ Google បានប្រកាសថា ខ្លួនកំពុងសិក្សាទៅលើ AI ថ្មីមួយដែលអាចបកប្រែភាសាអានមិនដាច់របស់គ្រូពេទ្យបាន ដែលវាជាបញ្ហាចោទស្ទើតែទូទាំងប្រទេសនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន Insider នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

ជាក់ស្តែងបញ្ហាអានអក្សរវេជ្ជបណ្ឌិតមិនដាច់នេះមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបាននាំគ្នារកដំណោះស្រាយទៅលើបញ្ហានេះបូករួមទាំង Google ផងដែរ។ បើតាមការប្រកាសមុខងារ AI ថ្មីនេះ Google បញ្ជាក់ថា គឺមាននៅលើ Google Lens នឹងដាក់ឱ្យគាំទ្រជាមួយភាសាអង់គ្លេសដំបូងគេ ប៉ុន្តែបច្ចុប្បន្ននេះ Google ផ្ទាល់កំពុងតែសហការគ្នាជាមួយនឹងឱសថការីជាច្រើនដើម្បីស្វែករកវិធីក្នុងការបំប្លែងអក្សរដែលសរសេរដោយដៃរបស់ពេទ្យ លើសពីនេះទៅទៀតក៏មានបំណងបន្ថែមភាសាទៅតាមប្រទេសបណ្តាលផ្សេងៗផងដែរ។

យ៉ាងណាមិញប្រសិនបើការសាកល្បងមុខងារ AI ថ្មីនោះទទួលបានជោគជ័យ អ្នកជម្ងឺជាច្រើនប្រាកដជាអាច អានអក្សររបស់គ្រូពេទ្យ បានងាយស្រួលជាងមុន។ ហើយអ្វីដែលកាន់តែពិសេសនោះ អ្នកប្រើប្រាស់ក៏អាចយកវេជ្ជបញ្ជាទៅស្កេននៅ Google Lens វានឹងបង្ហាញអក្សជាលក្ខណៈឌីជីថល រួមទាំងបង្ហាញរូបភាពថ្នាំដោយស្វ័យប្រវត្តិថែមទៀតផង៕