(វ៉ារស្សាវ៉ា)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ លោក Czeslaw Michniewicz នឹងចាកចេញពីតួនាទីរបស់លោកនៅដំណាច់ខែនេះ ជាមួយនឹងសមាគមបាល់ទាត់ នៃប្រទេសមួយនេះ (PZPN) ដោយបានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមានកិច្ចសន្យាថ្មីនោះទេ បន្ទាប់ពីការធ្លាក់ចេញពី World Cup ក្នុងវគ្គ ១៦ក្រុមចុងក្រោយរបស់ក្រុម។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
PZPN បានលើកឡើងថា លោក Michniewicz វ័យ ៥២ឆ្នាំ បានជួបប្រជុំជាច្រើនលើក ជាមួយនឹងប្រធានរបស់ខ្លួន Cezary Kulesza និងមន្ត្រីផ្សេងទៀត ដើម្បីត្រួតពិនិត្យឡើងវិញ ពីទម្រង់លេងរបស់ប៉ូឡូញក្នុងព្រឹត្តិការណ៍ World Cup នៅកាតា ជាទីកន្លែងដែលពួកគេ បានចាញ់ ៣-១ ក្រោមថ្វីជើងក្រុមជើងឯករងបារាំង ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
«បន្ទាប់ពីឆ្លងកាត់ការវិភាគ នៃព័ត៌មានទាំងអស់ PZPN បានសម្រេចមិនបន្តកិច្ចសន្យារបស់ Michniewicz ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំនេះនោះទេ»។ PZPN បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
លោកប្រធានសមាគមបាល់ទាត់ Kulesza បានថ្លែងអំណរគុណ ចំពោះលោក Michniewicz សម្រាប់រយៈពេល ១១ខែរបស់លោកក្នុងនាមជាគ្រូបង្វឹក។
សូមជម្រាបថា ប៉ូឡូញ បានតែងតាំងអតីតអ្នកចាត់ការក្លិប Legia Warsaw លោក Michniewicz ជាគ្រូបង្វឹក បន្ទាប់ពីចែកផ្លូវគ្នា ជាមួយបុរសសញ្ជាតិព័រទុយហ្គាល់ Paulo Sousa កាលពីខែមករា៕