(ប៉ារីស)៖ ម្ចាស់ពានរង្វាន់ World Cup កីឡាករ Lionel Messi បានសម្រេចនូវកិច្ចព្រមព្រៀងមួយ ជាមួយក្លិបបារាំង Paris Saint-Germain ក្នុងការបន្តលេងជាមួយក្លិបនេះ រហូតដល់យ៉ាងហោចណាស់រដូវកាល២០២៣-២៤។ នេះបើយោងតាមសារព័ត៌មានបារាំង Le Parisien បានចេញផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ដែលជាម្ចាស់ពានរង្វាន់ Ballon D'Or ចំនួន ៧លើករូបនេះបានជួយអាហ្សង់ទីនលើកពានរង្វាន់ World Cup ឆ្នាំ២០២២ ដោយបានយកឈ្នះបារាំង ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី នាវគ្គប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។
«កាលពីដើមខែធ្នូ នៅពាក់កណ្តាលនៃព្រឹត្តិការណ៍ World Cup កិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើងសម្រាប់ Messi ដើម្បីបន្តលេង ១រដូវកាលបន្ថែមទៀត» នេះបើតាមសារព័ត៌មាន Le Parisien បានចុះផ្សាយដោយមិនបញ្ជាក់ពីប្រភពណានោះទេ។
PSG ភ្លាមៗនេះ មិនទាន់អាចសុំការបកស្រាយបានឡើយ។
ប្រធានក្លិប PSG លោក Nasser Al-Khelaifi បានលើកឡើងក្នុងខែនេះថា Messi រីករាយក្នុងការលេងនៅក្លិបម្ចាស់ពានរង្វាន់ Ligue 1 នេះ។ លោកបន្ថែមថា ការពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីអាចនឹងធ្វើឡើងបន្ទាប់ពីចប់ World Cup។
Messi ដែលបានស៊ុតបញ្ចូលទី ១២គ្រាប់ និងបញ្ជូនបាល់ ១៤គ្រាប់ សម្រាប់ PSG ក្នុងការប្រកួតទាំងអស់ ក្នុងរដូវកាលនេះនោះ បានផ្លាស់ចូលលេងនៅក្លិបបារាំងនេះ ក្រោយចាកចេញពីក្លិប Barcelona ក្នុងឆ្នាំ២០២១ លើកិច្ចសន្យារយៈពេល ២ឆ្នាំ៕