(ចិន)៖ ByteDance ដែលជាក្រុមហ៊ុនធំរបស់ TikTok បានឱ្យដឹងថា មានបុគ្គលិករបស់ខ្លួនមួយចំនួនបាន​ប្រើប្រាស់ទិន្នន័យ TikTok របស់អ្នកកាសែតចំនួនពីរនាក់ ប៉ុន្តែបុគ្គលិកទាំងនោះត្រូវបានក្រុមហ៊ុនបញ្ឈប់ភ្លាមៗ ក្រោយពេលបែកធ្លាយព័ត៌មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

យោងតាមការបញ្ជាក់ពី ByteDance បានឱ្យដឹងថា ក្រុមហ៊ុនបានបើកការស៊ើបអង្កេត​កាលពីដើមឆ្នាំ បានរកឃើញថា បុគ្គលិករបស់ខ្លួនមួយចំនួនបានជាប់ទាក់ទងនឹងការប្រើប្រាស់ទិន្នន័យរបស់អ្នកកាសែតពីររូបមកពីស្ថាប័ន BuzzFeed និង Financial Times។

បើតាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes បានឱ្យដឹងថា TikTok បានធ្វើការតាមដានទៅលើអ្នកកាសែតមួយចំនួនរបស់ខ្លួន​ផងដែរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។

ប៉ុន្មានថ្ងៃមុននេះ មានសេចក្ដីរាយការណ៍មកថា TikTok កំពុងប្រឈមមុខ និងរងសម្ពាធថ្មីពីសំណាក់រដ្ឋាភិបាលវ៉ាស៊ីនតោន និងសមាជិកសភាអាមេរិក ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក ប៉ុន្តែ TikTok បាន​អះអាងថា ទិន្នន័យរបស់អ្នកប្រើសហរដ្ឋអាមេរិកគឺរក្សាទុកនៅលើទឹកដីអាមេរិក ហើយក្រុមហ៊ុនក៏មិនមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិនផងដែរ។

នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បាននិយាយនៅក្នុងអ៊ីមែលដាច់ដោយឡែកមួយទៅកាន់និយោជិតថា «ការប្រព្រឹត្តខុសនេះ មិនមែនតំណាងឱ្យអ្វីដែលខ្ញុំដឹងអំពីគោលការណ៍របស់ក្រុមហ៊ុនយើងនោះទេ។យើងនឹងបន្តធ្វើឱ្យប្រសើរឡើងនូវពិធីការចូលដំណើរការទាំងនេះ ដែលត្រូវបានកែលម្អ និងរឹងប៉ឹងយ៉ាងខ្លាំង ចាប់តាំងពីគំនិតផ្តួចផ្តើមនេះបានកើតឡើង»

លោក Chew បានបន្ថែមទៀតថា ក្នុងរយៈពេល ១៥ខែកន្លងមកនេះ ក្រុមហ៊ុនបាននឹងកំពុងបង្កើតមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ TikTok US Data Security (USDS) ដើម្បីធានាថាទិន្នន័យអ្នកប្រើប្រាស់ TikTok របស់សហរដ្ឋអាមេរិក មានការការពារតឹងរឹង និងច្បាស់លាស់ ហើយរក្សាទុកនៅក្នុងសហរដ្ឋអាមេរិក៕