(ភ្នំពេញ)៖ បាល់ទាត់ពិភពលោកឆ្នាំនេះ ពិតជាធ្វើឲ្យគ្រប់គ្នារំភើប និងរំជួយចិត្តខ្លាំងណាស់ព្រោះនៅវគ្គផ្ដាច់ព្រ័ត្រក្រុមបាល់ទាត់អាហ្សង់ទីន ត្រូវជួបគ្នាជាមួយក្រុមបាល់ទាត់បារាំង ហើយក្រោយឆ្លងកាត់ការប្រកួតដ៏តានតឹងរយៈពេល ១២០នាទីក៏ត្រូវកាត់សេចក្ដីដោយការស៊ុតបាល់ប៉េណាំងទីដើម្បីស្វែងរកលទ្ធផលអ្នកឈ្នះនិងអ្នកចាញ់។

ទីបំផុតកំពូលកីឡាករ Lionel Messi  បានសម្រេចបំណងប្រាថ្នាក្នុងឆាកជីវិតលើកពាន World Cup ជាលើកទី១ ហើយក្រុមអាហ្សង់ទីនគឺជាម្ចាស់ពានបាល់ទាត់ពិភពលោកឆ្នាំនេះ។

ជាការចូលរួមអបអរសាទរក្រុមបាល់ទាត់អាហ្សង់ទីន និងកំពូលកីឡាករ Messi បានឈ្នះពានបាល់ទាត់នេះ ក្រុមហ៊ុន BOOSTRONG បានប្រកាសដាក់លិខិតអញ្ជើញក្រុមជម្រើសជាតិអាហ្សង់ទីន និង idol Lionel Messi តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន(AFA)រួចរាល់ហើយ ដើម្បីមកទស្សនាប្រាសាទអង្គរវត្តខ្មែរដែលជាអច្ឆរិយៈវត្ថុតែមួយគ្មានពីរក្នុងលោក។ ប្រសិនបើពួកគាត់យល់ព្រមតាមការអញ្ជើញ ក្រុមហ៊ុន BOOSTRONG នឹងធានារ៉ាប់រងរាល់ការចំណាយទេសចរណ៍ក្នុងស្រុកទាំងអស់។

BOOSTRONG សង្ឃឹមថាពួកគាត់នឹងយល់ព្រមតាមការអញ្ជើញនេះ ដើម្បីឲ្យអ្នកគាំទ្របានជួបidol នៅក្នុងទឹកដីសុវណ្ណភូមិដ៏ផូរផង់របស់យើង៕