(ភ្នំពេញ)៖ មន្ទីរព្យាបាលស្រ្ដី និងកុមារដំរី បានពង្រីកសេវាកម្មផ្នែករោគស្រ្ដី និងសម្ភព បន្ទាប់ពីមានការគាំទ្រ ពីប្រជាជនកម្ពុជា ក៏ដូចជាអាណាព្យាបាល និងមាតាបិតារបស់កុមារ។
ការបើកព្រីកសេវាកម្មបន្ថែមនេះ រៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយបានរៀបចំពិធីសូត្រមន្តប្រោះព្រំអគារថ្មី ស្ថិតនៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងពិធីសូត្រមន្តប្រោះព្រមអគារថ្មីនេះ លោកវេជ្ជបណ្ឌិត អៀង ហួរ នាយកមន្ទីរព្យាបាលស្រ្ដី និងកុមារដំរី បានឱ្យដឹងថា ការពង្រីកសេវាកម្ម បន្ថែមផ្នែករោគស្រ្ដី និងសម្ភព ដោយមានការគាំទ្រ ការផ្ដល់នូវទំនុកចិត្ដពីអាណាព្យាបាល និងមាតាបិតា ដែលជឿទុកចិត្ដមកទទួលសេវាកម្មនៅមន្ទីរព្យាបាលកុមារដំរី នាពេលកន្លងមក ដើម្បីរួមចំណែកលើកស្ទួយសេវា សុខាភិបាលនៅក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិតបន្ថែមថា មន្ទីរព្យាបាលបានពង្រីកឱ្យមានសេវាពិនិត្យ និងព្យាបាលរោគស្រ្ដី ដោយយកចិត្ដទុកដាក់ទៅលើស្រ្ដី ព្រមទាំងការសម្រាលកូនដោយសុវត្ថិភាព ពិសេសការផ្ដល់សេវា ប្រកបដោយគុណភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង និងអន្ដរជាតិនាពេលខាងមុខ។
លោកវេជ្ជបណ្ឌិត អៀង ហួរ បានឱ្យដឹងថា មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី មានគម្រោងពង្រីកឱ្យធំ មានរាប់រយគ្រែ នាពេលខាងមុខ ជាពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យសុខាភិបាលកម្ពុជា ឱ្យមានការរីកចម្រើន ហើយគោលដៅធំបំផុតនោះ មន្ទីរព្យាបាល នឹងក្លាយទៅជាមន្ទីរពេទ្យស្ដ្រី និងកុមារ ដែលមានស្តង់ដារសុវត្តិភាពល្អនៅកម្ពុជា។
លោកស្រី វេជ្ជបណ្ឌិត ទេព សម្ផស្ស ឯកទេសផ្នែកសម្ភព និងរោគស្រ្ដីនៃមន្ទីរព្យាបាលស្រ្ដី និងកុមារដំរី បានឱ្យដឹងថា ការពង្រីកសេវាបន្ថែមផ្នែករោគស្រ្ដី និងសម្ភពនេះក្នុងគោលដៅចង់ចូលរួមជួយលើកស្ទួយ ដល់ផ្នែកសុខាភិបាល ជាពិសេសផ្នែកសម្ភព និងរោគស្រ្ដី ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពរបស់ស្រ្ដី និងកុមារនៅកម្ពុជាឱ្យបានកាន់តែទាបបំផុត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកស្រីវេជ្ជបណ្ឌិតសង្ឃឹមថា ការបើកពង្រីកសេវានៅក្នុងមន្ទីរព្យាបាលស្រ្ដី និងកុមារដំរី នេះនឹងចូលរួមជួយលើកស្ទួយ ដល់ផ្នែកសម្ភពរោគស្រ្ដី និងកុមារនៅក្នុងប្រទេសកម្ពុជា បានកាន់តែមានសុវត្តិភាខ្ពស់ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជនកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា «បច្ចុប្បន្ននេះជំងឺរោគស្រ្ដីកើតមានច្រើន ដោយសារតែស្រ្ដីខ្លះ អត់ទាន់ទទួលព័ត៌មាន និងការព្យាបាលបានត្រឹមត្រូវនៅក្នុងប្រទេស ហើយស្រ្ដីខ្លះគាត់មានលទ្ធភាព បានចាកចេញទៅព្យាបាលនៅក្រៅប្រទេស។ ការបើកពង្រីកមន្ទីរព្យាបាលស្រ្ដី និងកុមារដំរីនេះ ដើម្បីផ្ដល់ព័ត៌មានដល់ស្រ្ដីដែលអាចមកពិគ្រោះ និងព្យាបាលក្នុងមន្ទីរពេទ្យ បានគ្រប់ពេលវេលា»។
លោកស្រីវេជ្ជបណ្ឌិត ទេព សម្ផស្ស បានកត់សម្គាល់ឃើញថា បច្ចុប្បន្នមន្ទីរព្យាបាលស្រ្ដី និងកុមារីដំរី បានទទួលព្យាបាលគ្រប់ជំងឺកុមារទាំងអស់ ក្នុងនោះជំងឺកុមារខ្លះគាត់មានភាពស្លេកស្លាំង កុមារខ្លះទៀតខ្វះជីវជាតិអាហារគ្រប់គ្រាន់ ហើយខ្លះទៀតមានជំងឺបេះដូងពីកំណើតជាដើម។ ដូច្នេះ ដើម្បីកាត់បន្ថយកុំឱ្យមានជំងឺទាំងអស់នេះលើកុមារ មន្ទីរព្យាបាលស្រ្ដី និងកុមារដំរី សូមលើកទឹកចិត្តឱ្យស្រ្តីកំពុងពរពោះគ្រប់រូប មកពិគ្រោះជាមួយពេទ្យជំនាញផ្ដើមស្រាវជ្រាវរកប្រវត្ដិជំងឺគ្រោះ ថ្នាក់តាំងពីកំណកំណើតពីក្នុងផ្ទៃមក។
លោកស្រីវេជ្ជបណ្ឌិតបន្ដថា ពេលសម្រាលក៏មានពេទ្យផ្នែកកុមារ ជួយសម្រួលផ្នែកសរីរាងដល់កុមារ ហើយនឹងមិនមានបញ្ហាក្នុងការសម្រាលទាំងម្ដាយក៏ដូចជាទារក។
លោកស្រី វេជ្ជបណ្ឌិត បានបញ្ជាក់ថា កន្លងមកនៅក្នុងមន្ទីរព្យាបាលស្រ្ដី និងកុមារដំរី បានរកឃើញជំងឺលើកុមារ ដែលភាពច្រើន គាត់មានភាពស្លេកស្លាំង និងបញ្ហាជំងឺផ្លូវដង្ហើម ដូច្នេះទើបគ្រូពេទ្យធ្វើការអប់រំ ដល់ម្ដាយតាំងពីទារកទើបកើតមក ដោយការបំបៅដោះមិនបានគ្រប់គ្រាន់ ធ្វើឱ្យគាត់មានភាពស្លេកស្លាំង ការផ្ដល់ចំណីអាហារទៅដល់ទារក និងការថែទាំមិនបានត្រឹមត្រូវក៏បណ្ដាលឱ្យកើតមានជំងឺឆ្លង និងជំងឺផ្សេងៗទៀត ចំណែករោគស្រ្ដី ភាគច្រើនគឺមានបញ្ហារលាក និងមានដុំគីស ការធ្លាក់ស និងអាចមានជំងឺកាមរោគជាដើម។
សូមជម្រាបជូនថា មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី មានបន្ទប់សម្រាលដោយធម្មជាតិមានពីរបន្ទប់ ដោយបំពាក់ដោយឧបករណ៍ទំនើប តាមបទដ្ឋានអន្ដរជាតិបន្ទប់វះកាត់ និងបន្ទប់ក្រោយការវះកាត់ និងមានបន្ទប់សម្រាក សម្រាប់កុមារ និងស្រ្ដីសរុប៣៤បន្ទប់ ទន្ទឹមនេះមានវេជ្ជបណ្ឌិតផ្នែករោគស្រ្ដីចំនួន៦នាក់ វេជ្ជបណ្ឌិតផ្នែកកុមារចំនួន៨នាក់ និងបុគ្គលិក គ្រូពេទ្យសរុបជាង៣០នាក់ នៅចុងឆ្នាំ២០២២នេះ មន្ទីរព្យាបាលស្ដី្រ និងកុមារដំរី ក៏នឹងបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ សម្រាប់ការពិនិត្យ ព្យាបាលរោគស្រ្ដី និងការពិនិត្យផ្ទៃពោះ៕