(ភ្នំពេញ)៖ ឆ្លងកាត់នូវការប្រកួតប្រជែងដ៏វែងឆ្ងាយ ចាប់តាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានបិទបញ្ចប់ទៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្រោយពីការយកចិត្តទុកដាក់ផ្ដល់ពិន្ទុដ៏សុក្រឹតពីសំណាក់គណៈកម្មការមេប្រយោគ លទ្ធផលក៏បានរកឃើញជ័យលាភីទាំង៣ក្រុម នោះគឺ៖

ទី១៖ ជ័យលាភីលេខ១ ជាមួយទឹកប្រាក់ចំនួន១២លានរៀល បានទៅលើក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
ទី២៖ ជ័យលាភីលេខ២ ជាមួយទឹកប្រាក់ចំនួន៨លានរៀល បានទៅលើក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប
និងទី៣៖ ជ័យលាភីលេខ៣ ជាមួយទឹកប្រាក់ចំនួន៤រៀល បានទៅលើក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ

ទន្ទឹមនឹងនេះ ក៏មានផ្ទាំងសិល្បៈទស្សនីយភាពនានាដើម្បីជាការចូលរួមអបអរសាទរជាមួយកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ និងដើម្បីញ៉ាំងឲ្យកម្មវិធី ក្នុងវគ្គផ្ដាច់ព្រ័ត្រឲ្យកាន់តែអធិកអធម និងឱឡារិក រួមមាន របាំកូរសមុទ្រទឹកដោះ ដែលសម្ដែងដោយនាដក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការសម្ដែងពិសេស ល្ខោនខោល និងល្ខោនស្បែកធំ នៃសមាគមសិល្បៈសុវណ្ណភូមិ រឿងរាមកេរ្តិ៍ ត្រង់ឈុតប្រើសមាស។

សូមបញ្ជាក់ផងដែរថា កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានបែងចែកជា ៩ដំណាក់កាល ដូចតទៅ៖ (១) ដំណាក់កាលផ្សព្វផ្សាយកម្មវិធីល្ខោនខ្មែរ និងកិច្ចសម្ភាសន៍ពិសេសណៈកម្មការទាំង៤ (២) ការដាក់ពាក្យចូលរួមប្រកួត និងបិទទទួលពាក្យ និងវីដេអូប្រកួត (៣) វគ្គជម្រើសដោយគណៈកម្មការ (៤) វគ្គ តម្រង់ទិស (៥) ល្ខោនខ្មែរ វគ្គទី១ និង ជំនួបជាមួយគណៈកម្មការ (ការចាប់គ្រូបង្វឹក) (៦) ល្ខោនខ្មែរ វគ្គទី២ ការប្រកួតកូនក្រុមរបស់គណៈកម្មការទាំង៤រូប (៧) ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ (៨) វគ្គ វេទិការបស់ខ្ញុំ ការបោះឆ្នោតរបស់ទស្សនិកជនតាមរយៈវីដេអូរបស់ក្រុមប្រកួតលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលពិន្ទុពីទស្សនិកជនទទួលបាន៤០% និង៦០%ទៀត ពីគណៈកម្មការ (៩) គឺវគ្គផ្តាច់ព្រ័ត្រ។

ចាប់តាំងពីវគ្គដំបូងបង្អស់ រហូតដល់ពេលនេះ រាល់ការវិនិច្ឆ័យក្រុមបេក្ខភាពប្រឡងនីមួយៗ ត្រូវបានវាយតម្លៃយ៉ាងសុក្រឹត ដោយគណៈកម្មការមេប្រយោគទាំង៤រូប ដែលលោកពោរពេញដោយបទពិសោធន៍ និងជំនាញឯកទេសយូរឆ្នាំក្នុងវិស្ស័យសិល្បៈបុរាណខ្មែរ រួមមានលោកសាស្ដ្រាចារ្យ ព្រឿង ឈៀង លោកស្រី ព្រឹទ្ធាចារ្យ ប៉ែន សុខហួន លោកស្រីសាស្ដ្រាចារ្យ សុទ្ធ សុម៉ាលី និងលោកស្រីសាស្ត្រាចារ្យ សំ សត្យា។

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ នេះផងដែរ រៀបចំឡើងក្នុងគោលបំណង៖ ចូលរួមលើកស្ទួយ ថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញណជាតិ លើកកម្ពស់ និងផ្សព្វផ្សាយអំពីល្ខោនបុរាណចម្រុះរបស់ខ្មែរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ និងបរទេសបានស្គាល់ឱ្យកាន់តែច្រើន៕