(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាវេលាម៉ោង ៤៖៣០នាទីល្ងាចនេះ ក្នុងប្រកួតទី២ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mistubishi Electric Cup 2022 គ្រូបង្វឹកកម្ពុជា លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា ថា ការប្រកួតនេះ នឹងត្រូវលេងដោយប្រុងប្រយ័ត្នខ្ពស់បំផុត ។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត ជុំវិញស្ថានភាពដ៏លំបាករបស់ក្រុមជម្រើសជាតិកម្ពុជា ចំពោះកាលវិភាគប្រកួត ដែលមិនអាចទទួលយកបាន ដ្បិតកម្ពុជាមានពេលហ្វឹកហាត់ផ្លូវការតែម្ដងគត់ មុនជំនួបបន្ទាប់នេះ ស្របពេលឥណ្ឌូនេស៊ី គឺជាក្រុមល្អ សម្បូរដោយធនធានកីឡាករលេងក្រៅស្រុក និងល្អៗជាច្រើន ។ ដូច្នេះការប្រកួតល្ងាចនេះ នឹងត្រូវលេងដោយបង្កើនកការប្រុងប្រយ័ត្នខ្ពស់ ។
ជាការពិតក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីយកឈ្នះហ្វីលីពីន ៣-២ ក្នុងជំនួបបើកឆាកពូលA កាលពីថ្ងៃទី២០ ខែធ្នូ គឺបានធ្វើដំណើរដល់ប្រទេសឥណ្ឌូនេស៊ី ស្ទើរយប់រំលេងអាធ្រាតុ ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែធ្នូ ទម្រាំដល់សណ្ឋាគារសម្រាក ក្រោយធ្វើការហោះសើរជាច្រើនមក និងការពន្យាពេលជើរហោះហើរជាច្រើនដង ។ ការណ៍នេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ខកខានគម្រោងហ្វឹកហាត់ កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ហើយរង់ចាំដល់ល្ងាចថ្ងៃទី២២ ខែធ្នូ ទើបបានហ្វឹកហាត់ផ្លូវការ មុនការប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី២៣ ខែធ្នូនេះ ។
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងការហួសចិត្ត ចំពោះកាលវិភាគដ៏មមាញឹកនេះ ដោយលោកបានសម្ដែងការមិនពេញចិត្តឡើយ ព្រោះកាលវិភាគស្ទើរតែធ្វើឲ្យកូនក្រុមរបស់គ្មានពេលសម្រាក បន្ទាប់ពីជួបហ្វីលីពីន នៅថ្ងៃទី២០-ធ្នូ ត្រូវធ្វើដំណើរទៅឥណ្ឌូនេស៊ី នៅថ្ងៃទី២១-ធ្នូ ហើយបានហ្វឹកហាត់ម្ដងគត់ នៅថ្ងៃទី២២-ធ្នូ មុនការប្រកួតផ្លូវការជាមួយឥណ្ឌូនេស៊ី នាថ្ងៃទី២៣-ធ្នូ ទាំងតែឥណ្ឌូនេស៊ី គឺជាការប្រកួតដំបូង ហើយត្រូវប្រកួតក្នុងផ្ទះពួកគេថែមទៀត ។
បច្ចុប្បន្នកម្ពុជា កំពុងកាន់ ៣ពិន្ទុស្មើក្រុមដំរីសឹកថៃ ក្រោយយកឈ្នះការប្រកួតដំបូងរៀងៗខ្លួន ក្នុងពូល A នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នេះ ក្នុងនោះកម្ពុជា បានយកឈ្នះហ្វីលីពីន ៣-២ ខណៈថៃ បានយកឈ្នះប្រ៊ុយណេ ៥-០ ។ ក្រោយជួបឥណ្ឌូនេស៊ី កម្ពុជាត្រូវរង់ចាំដល់ថ្ងៃទី២៩ ខែធ្នូ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិមរកតេជោ ទទួលក្រុមជម្រើសជាតិប្រ៊ុយណេវិញម្ដង មុនការប្រកួតបញ្ចប់ពូល ជាមួយថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕