(បរទេស)៖ ទីបំផុត Samsung សម្រេចជ្រើសថ្ងៃប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Galaxy S23 ជាផ្លូវការហើយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដ៏អស្ចារ្យរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន PhoneArena នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

ប្រភពពី UniverseIce បានបង្ហោះនៅលើ Twitter ហាក់បង្ហាញពីពេលវេលាដាក់បង្ហាញត្រកូល Galaxy S23 របស់ Samsung លឿនជាងមួយសប្តាហ៍ បើធៀបនឹង Galaxy S22 បច្ចុប្បន្ន។ ដោយឡែកជារៀងរាល់ឆ្នាំ Samsung តែងតែដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួនក្នុងអំឡុងថ្ងៃទី០៩-១០ ខែកុម្ភៈ ដូច្នេះសម្រាប់ឆ្នាំនេះអ្នកប្រើប្រាស់នឹងបានឃើញរូបរាង Galaxy S23/ S23 Ultra និង Galaxy S23 Plus លឿនជាងការរំពឹងទុក។

តែយ៉ាងណាជាទម្លាប់របស់ Samsung បន្ទាប់ពីការរៀបចំព្រឹត្តិការណ៍ ២សប្តាហ៍នឹងចាប់ផ្តើមដាក់លក់ស្មាតហ្វូនរបស់ខ្លួនជាសាធារណៈ ដូច្នេះមានន័យថា ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈអ្នកប្រើប្រាស់នឹងអាចបញ្ជាទិញ Galaxy S23 នេះបានហើយ។

បើយោងតាមពាក្យចចាមអារ៉ាមកន្លងមក Galaxy S23 ទំាងអស់នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 8 Gen 2 SoC របស់ក្រុមហ៊ុន Qualcomm ដែលនេះជាការផ្លាស់ប្តូរធំមួយរបស់ Samsung ដែលរាល់ឆ្នាំប្រើត្រឹមបន្ទះឈីប Exynos ប៉ុណ្ណោះ៕