(ភ្នំពេញ)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងអភិឌ្ឍន៍ជនបទ ដែលជាអតីតកីឡាករវាយកូនបាល់ជើងចាស់របស់កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាវាយកូនបាល់កម្ពុជាបច្ចុប្បន្ន ពិសេសលើបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ។ ទន្ទឹមជាមួយការសរសើរនេះ លោកបានមើលឃើញចំណុចខ្វះខាតមួយ ដែលត្រូវពង្រឹងបន្ថែម គឺកម្លាំង ដើម្បីធានាបាននូវគុណភាពគ្រប់គ្រាន់ សម្រាប់ការប្រជែងមេដាយជូនជាតិ នៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាវាយសកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ នៅពហុកីឡដ្ឋានជាតិ ។ អតីតជយលាភីជើងឯកថ្នាក់ជាតិ ឆ្នាំ២០០៤-២០០៥ ដដែលថា ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ នៃជើងឯកថ្នាក់ជាតិឆ្នាំនេះ លោកឃើញកីឡាករ-កីឡាការិនីម្នាក់ៗ មានបច្ចេកទេសល្អ តែអ្វីដែលខ្វះខាត គឺកម្លាំង ហើយត្រូវពង្រឹងការហ្វឹកហាត់បន្ថែម ដើម្បីមានទាំងបច្ចេកទេស និងកម្លាំងគ្រប់គ្រាន់ ផ្គុំគ្នាឆ្ពោះទៅរកជោគជ័យក្នុងឋានៈម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំក្រោយ ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បន្ដថា ជាការពិតជើងឯកថ្នាក់ជាតិឆ្នាំនេះ រៀបចំឡើងដើម្បីសម្រួចដំណើរឆ្ពោះទៅស៊ីហ្គេម ជាក់ស្ដែងលើវិញ្ញាសាទាំង ៤ មានវិញ្ញាសាឯកត្ដជនបុរស-នារី និងវាយគូបុរស-នារី ។ ក្រោយចប់ការប្រកួត សហព័ន្ធបានមើលឃើញពីការខំប្រឹង និងភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនី តែមិនទាន់គ្រប់គ្រាន់នោះទេ ។ ដូច្នេះសហព័ន្ធមានផែនការពង្រឹងបន្ថែម នៅឆ្នាំ២០២៣ ខាងមុខ មុនការប្រកួតស៊ីហ្គេមមកដល់ តាមរយៈការបោះជំរំហ្វឹកហាត់ និងការប្រកួតអន្ដរជាតិ នៅតាមបណ្ដាប្រទេសក្នុងតំបន់ជាដើម ។

ក្រឡេកទៅមើលលទ្ធផលបច្ចេកទេស នៃការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ វិញ ជាលទ្ធផល គឺក្រសួងការពារជាតិ និងខេត្តសៀមរាប ដណ្ដើមបានមេដាយមាសលើ ២វិញ្ញាសាម្នាក់ តែក្រុមកីឡាវាយកូនបាល់ក្រសួងការពារជាតិ ឈរកំពូលតារាងមេដាយ ដោយដណ្ដើមបានមេដាយមាស ២ និងប្រាក់ ២ គ្រាដែលខេត្តសៀមរាប ឈរលេខ២ ដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ២ ។ រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង ។

គួរដឹងថា ពិធីបិទការប្រកួតខាងលើ បានធ្វើឡើងក្រោមវត្តមានលោក ផូ ផារិទ្ធ និងមានការចូលរួមពីលោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ស៊ុំ សុខា អនុប្រធានសហព័ន្ធ និងលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធផងដែរ ៕