(ភ្នំពេញ)៖ ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក បានប្រារព្ធពិធីគម្រប់ខួប ២៥ឆ្នាំ ដោយរៀបចំការពិសារអាហារជុំគ្នា និងមានលេងល្បែងកំសាន្ដសប្បាយរីករាយជូនដល់បុគ្គលរបស់ខ្លួនទាំងអស់ នៅសាលារៀនអន្តរជាតិផារ៉ាហ្គនទាំង៣សាខា និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន រួមទាំងការិយាល័យកណ្ដាលផងដែរ។

នៅក្នុងកម្មវិធីនេះដែរ លោកគ្រូ អ្នកគ្រូ បុគ្គលិកផ្នែកគាំទ្រ ក៏ដូចជាគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន បានចូលរួមសកម្មភាពលេងកីឡា និងល្បែងកម្សាន្តផ្សេងៗជាច្រើន ដើម្បីរឹតចំណងមិត្តភាព ហើយសកម្មភាពទាំងនេះត្រូវបានរៀបចំឡើង ដើម្បីទុកជាការថ្លែងអំណរគុណ និងដឹងគុណជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលសំខាន់ៗទាំងអស់ ដែលបានបន្តជួយគាំទ្រស្ថាប័នអប់រំ អស់រយៈពេល ២៥ ឆ្នាំកន្លងមកនេះ។

ប្រធានក្រុមប្រឹក្សាភិបាលកិត្តិយសនៃក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក លោក អ៊ាង សុផល្លែត បានឡើងថ្លែងសុន្ទរកថាបើកកម្មវិធីថា «ក្នុងរយៈពេល ២៥ឆ្នាំនេះ ស្ថាប័នអប់រំយើងខ្ញុំ បានផ្ដល់នូវកម្មវិធីសិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា ដែលត្រូវបានរៀបចំ និងអភិវឌ្ឍជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរឡើង ហើយយើងខ្ញុំប្ដេជ្ញាថា នឹងផ្ដល់នូវការអប់រំប្រកបដោយគុណភាព ដែលអាចឆ្លើយតបនឹងតម្រូវការនាពេលអនាគត សម្រាប់ប្រទេសកម្ពុជា ក្នុងសតវត្សរ៍ទី២១នេះ»

សូមជម្រាបថា ការប្រារព្ធកម្មវិធីសប្បាយរីករាយខាងលើនេះ បានប្រព្រឹត្ដទៅកាលពីចុងសប្ដាហ៍កន្លងទៅនេះ ហើយនេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក ផងដែរ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៧៕