(ភ្នំពេញ)៖ មន្ទីរពេទ្យ FV (បារាំង-វៀតណាម) ស្ថិតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និងមានការិយាល័យនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «បច្ចេកទេសទំនើបក្នុងការថែទាំ និងព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង» ដើម្បីចែករំលែកបទពិសោធន៍បច្ចេកទេសវេជ្ជសាស្ដ្របច្ចុប្បន្ន ដល់វេជ្ជបណ្ឌិតឯកទេសបេះដូងកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។

សិក្ខាសាលារយៈពេល ១ថ្ងៃពេញ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា បានធ្វើឡើងចំនួន ២វគ្គ ពោលគឺពេលព្រឹក មានការអញ្ជើញចូលរួមពីវេជ្ជបណ្ឌិតឯកទេសបេះដូងកម្ពុជាជាច្រើនរូប និងពេលរសៀល មានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងសិក្ខាសាលានេះ សាស្រ្តាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា មានប្រសាសន៍ថា នាពេលថ្មីៗនេះ ការព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង មានការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាទំនើប សម្ភារៈ និងថ្នាំ ជាងមុន ដែលត្រូវចែករំលែកដល់គ្រូពេទ្យនៅកម្ពុជាបន្ថែម។

លោកមានប្រសាសន៍បន្ថែមថា «យើងផ្លាស់ប្តូរបទពិសោធន៍ថាតើថានៅកម្ពុជា ជាពិសេសនៅមជ្ឈមមណ្ឌលព្យាបាលជំងឺបេះដូង ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ តើយើងព្យាបាលយ៉ាងដូចម្ដេចហើយលទ្ធផលយើងទទួលបានបែបណា ហើយមន្ទីរពេទ្យ FV ក៏បង្ហាញនូវបច្ចេកទេសព្យាបាលជំងឺបេះដូងនេះបែបណា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ដោយអនុលោមតាមមគ្គុទេសពិភពលោកថ្មីៗ ទៅដល់គ្រូពេទ្យកម្ពុជាយើងឱ្យបានជ្រាប»

លោកបានលើកឡើងថា ជំងឺស្ទះសរសៃឈាមបេះដូង គឺជាជំងឺមួយដែលបង្កឱ្យមនុស្សស្លាប់ក្នុងអត្រាខ្ពស់ ដែលមិនត្រូវមើលស្រាលនោះទេ។ តាមតួលេខដែលបង្ហាញដោយអង្គការសុខភាពពិភពលោក ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ មានអ្នកកើតជំងឺស្ទះសរសៃឈាមបេះដូង១២៨នាក់ ដែលជាចំនួនមួយដ៏ខ្ពស់។

លោកបានឱ្យដឹងផងដែរថា នៅប្រទេសកំពុងអភិវឌ្ឍន៍លឿនដូចកម្ពុជា ជំងឺសរសៃឈាមបេះដូងកំពុងមានការកើនឡើងខ្លាំង ព្រោះតែប្រជាពលរដ្ឋបានផ្លាស់ប្តូររបៀបរស់នៅ និងការទទួលទានអាហារ ពោលគឺការរស់នៅកាន់តែស្រណុកជាងមុន មិនសូវធ្វើពលកម្មដូចមុន ទើបបង្កឱ្យកើតមានជំងឺស្ទះសរសៃឈាមបេះដូងកើនឡើង។

លោកវេជ្ជបណ្ឌិត Ho Minh Tuan ប្រធានផ្នែកជំងឺបេះដូងនៅមន្ទីរពេទ្យ FV បានថ្លែងថា ការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅពេលខាងមុខ ប្រសិនបើមន្ទីរពេទ្យ FV រកឃើញនូវបច្ចេកទេសទំនើប និងវិធីសាស្រ្តថ្មីៗក្នុងការព្យាបាល ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យ FV នឹងបន្តមកចែករំលែកជាមួយក្រុមគ្រូពេទ្យនៅកម្ពុជាបន្ថែមទៀត។

លោក វេជ្ជបណ្ឌិត Do Trong Khanh នាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ FV បានគូសបញ្ជាក់ថា ការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង ចាំបាច់ត្រូវការនូវបច្ចេកទេសព្យាបាល និងឧបករណ៍ទំនើប ដើម្បីព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកបន្តថា មន្ទីរពេទ្យនៅកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរពេទ្យ FV នៅប្រទេសវៀតណាមបាន ដើម្បីបង្កើនការព្យាលបាលអ្នកជំងឺឱ្យមានប្រសិទ្ធភាព ព្រោះមន្ទីរពេទ្យ FV ដែលស្ថិតនៅក្នុងប្រទេសវៀតណាម បានបំពាក់នូវម៉ាស៊ីន និងឧបករណ៍ទំនើបៗ ក៏ដូចជាវេជ្ជបណ្ឌិតដែលមានឯកទេសខ្ពស់ ក្នុងការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូងតាមមធ្យោបាយថ្មីៗ។ ជាមួយគ្នានេះ នៅក្នុងមន្ទីរពេទ្យនេះ មានការថែទាំអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងធ្វើការតាមដានជាមួយអ្នកជំងឺយ៉ាងទៀងទាត់ផងដែរ ដើម្បីជួយបន្ថយអត្រាគ្រោះថ្នាក់របស់អ្នកជំងឺបានកាន់តែទាប។

លោកបន្ថែមថា «អ្នកជំងឺស្ទះសរសៃឈាមបេះដូង គឺគាត់មិនបានយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ខ្លួនឱ្យបានដិតដល់នោះទេ ហេតុនេះនៅពេលដែលគាត់មានជំងឺស្ទះសរសៃឈាមបេះដូងធ្វើឱ្យអត្រាមរណៈភាពរបស់គាត់ខ្ពស់មែនទែន ប៉ុន្តែនៅមន្ទីរពេទ្យ FV គឺយើងមានបច្ចេកទេសក្នុងការព្យាបាលដើម្បីជួយសង្រ្គោះអ្នកជំងឺឡើងវិញ ដែលនៅក្នុងពិភពលោក ការព្យាបាលជំងឺនេះតម្រូវឱ្យប្រើរយៈពេល ៦០នាទី ប៉ុន្តែនៅមន្ទីរពេទ្យ FV ប្រើតែរយៈពេល៤០នាទីប៉ុណ្ណោះ»

លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ មន្ទីរពេទ្យ FV ក៏មានការសហការជាមួយគ្រូពេទ្យនៅកម្ពុជា ក្នុងការទទួលអ្នកជំងឺដើម្បីព្យាបាលជំងឺស្ទះសរសៃឈាមបេះដូងនេះ។ ទន្ទឹមគ្នានេះ មន្ទីរពេទ្យ FV ក៏មានការិយាល័យតំណាងនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនង និងបញ្ជូនអ្នកជំងឺទៅព្យាបាលនៅប្រទេសវៀតណាម។

សូមជម្រាបថា ជាទូទៅជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើនកើតឡើងលើមនុស្សដែលមានអាយុច្រើន គឺសម្រាប់ស្រ្តី លើសពីអាយុ៥៥ឆ្នាំ និងចំពោះបុរសលើសពីអាយុ៥០ឆ្នាំ។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារបរិបទនៃការរស់នៅថ្មី មនុស្សស្ថិតក្នុងវ័យក្មេងក៏ប្រឈមនឹងកើតជំងឺនេះផងដែរ ជាពិសេសអ្នកជក់បារី អ្នកលើសឈាម ទឹកនោមផ្អែម លើសទម្ងន់ និងលើសជាតិខ្លាញ់ជាដើម។

វេជ្ជបណ្ឌិតឯកទេសបេះដូងរបស់មន្ទីរពេទ្យ FV បានផ្តល់អនុសាសន៍ដល់អ្នកដែលមានរោគសញ្ញានៃជំងឺនេះ ដូចជា ចុកដើមទ្រូង គឺត្រូវប្រញ៉ាប់មកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ព្រោះមានតែមកមន្ទីរពេទ្យឱ្យទាន់ពេលវេលាទេ ទើបអាចជួយសង្រ្គោះជីវិតមនុស្សបានកាន់តែច្រើន ព្រោះជំងឺនេះអាចសម្លាប់មនុស្សបាន តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕