(បរទេស)៖ ខុសសន្យាច្រើនដងខ្លាចថា Tesla អាចនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ពេលនេះកំពូលមហាសេដ្ឋីលោក Elon Musk បញ្ជាក់ច្បាស់ហើយថា លោកនឹងមិនលក់ភាគហ៊ុននៅ Tesla ទៀតទេរហូតដល់ទៅរយៈពេល ២ឆ្នាំឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន Sky News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

តែយ៉ាងណាការលើកឡើងរបស់ Musk តាមរយៈការជជែកនៅលើ Twitter Space ហាក់មិនបានធ្វើឱ្យវិនិយោគិនមានទំនុកចិត្តខ្លាំងនោះទេ ដោយលោកក៏ធ្លាប់បានសន្យាបែបនេះថា លោកនឹងបញ្ឈប់ការលក់ភាគហ៊ុននៅ Tesla ប៉ុន្តែការសន្យារបស់លោក មិនបានប៉ុន្មានភាគហ៊ុនប្រមាណ ៣.៦ពាន់លានដុល្លារទើបតែរបូតពី Tesla កាលពីសប្តាហ៍មុននេះ។ ជុំវិញការធ្វើផ្ទុយពីសន្យារបស់ Musk ម្តងហើយម្តងទៀតមានសំណួរជាច្រើនបានចោទសួរ ខណៈលោកឆ្លើយតបយ៉ាងខ្លីថា «ខ្ញុំត្រូវការលក់ភាគហ៊ុនខ្លះ ដើម្បីរក្សាជីវិត Twitter»

គិតមកទល់ពេលនេះវិនិយោគិន Tesla កំពុងព្រួយបារម្ភជាខ្លាំងអំពីអនាគតរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនេះ ដែលថាវាអាចនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅឆ្នាំ២០២៣ ខាងមុខនេះ។ ខណៈការឡើងកាន់កាប់តំណែងជាផ្លូវការរបស់ Musk នៅ Twitter បានធ្វើឱ្យភាគហ៊ុន Tesla ធ្លាក់ចុះជាគំហុកជិតដល់ ៧០ភាគរយឯណោះត្រឹមរយៈពេលមួយឆ្នាំ៕