(បរទេស)៖ តាមរយៈព័ត៌មានលេចធ្លាយកន្លងមកទំនងក្លាយជាការពិតហើយ ដោយក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបកូរ៉េខាងត្បូង Samsung មួយទៀតកំពុងបាត់ឪកាសក្នុងការផ្គត់ផ្គង់បន្ទះឈីបសម្រាប់ការផលិតរថយន្តអគ្គិសនី។ ពោលគឺពេលនេះ Tesla បានឈានដល់កិច្ចព្រមព្រៀងដ៏ធំជាមួយ TSMC សម្រាប់ការបញ្ជាទិញបន្ទះឈីប 4nm សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន PhoneArena នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

ប្រភពពី DigiTimes Asia បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ Tesla ក្លាយជាអតិថិជនធំជាងគេទី៧ របស់ TSMC។ លើសពីនេះទៅទៀត Tesla នឹងចាប់ផ្តើមបញ្ជាទិញបន្ទះឈីប 4nm របស់ TSMC ដែលមានទីតាំងនៅរដ្ឋ Arinzona ដែលជារោងចក្រថ្មីក្នុងសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០២៤ តទៅ។

យ៉ាងណាមិញបើយោងតាមព័ត៌មានចេញផ្សាយកន្លងមកបានបង្ហាញថា រោងចក្រថ្មីរបស់ TSMC ដែលត្រៀមផ្គត់ផ្គង់បន្ទះឈីបទៅកាន់ Tesla នាពេលខាងមុខ ក៏គ្រោងនឹងផលិតបន្ទះឈីប 3nm ដើម្បីផ្គត់ផ្គង់ដល់ Apple នៅឆ្នាំ២០២៦ ផងដែរ។ ដូច្នេះគេរំពឹងយ៉ាងមុតមាំថានៅពេលដែលរោងចក្រនៅ Arizona ដំណើរការជាផ្លូវការនឹងអាចបង្កើតចំណូលបានរហូតដល់ទៅ ១០ពាន់លានដុល្លារឯណោះ៕