(មេនឆេស្ទឺ)៖ ខ្សែការពារកណ្តាលរបស់ក្លិប Manchester United កីឡាករ Harry Maguire ត្រូវបានគេរំពឹងថា នឹងវិលចូលក្រុមវិញ សម្រាប់ការប្រកួតក្នុងលីគ Premier League នាថ្ងៃអង្គារនេះ ក្នុងការធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Nottingham Forest បន្ទាប់ពីខកខានការប្រកួតលើកមុនដោយសារតែមានជំងឺ។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

កីឡាករលំដាប់អន្តរជាតិអង់គ្លេសរូបនេះ បានខកខានការប្រកួតឈ្នះ ២-០ របស់ក្លិប United លើគូប្រជែង Burnley កាលពីសប្តាហ៍មុន ធ្វើឲ្យពួកគេឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន League Cup។

«យើងមានបញ្ហាមួយចំនួនជាមួយនឹងបញ្ហាជំងឺដូចជា Harry Maguire ប៉ុន្តែគាត់បានវិលត្រឡប់ទៅកាន់ទីលានហ្វឹកហាត់វិញហើយនៅថ្ងៃសុក្រ ដូច្នេះខ្ញុំពិតជារីករាយណាស់» នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag បានប្រាប់សារព័ត៌មាន។

ជាមួយគ្នានោះ ខ្សែការពារសញ្ជាតិអាហ្សង់ទីន Lisandro Martinez និងសញ្ជាតិបារាំង Raphael Varane មិនទាន់អាចចូលលេងបានទេ ដោយសារពួកគេមិនទាន់វិលត្រឡប់មកវិញ ក្រោយលេងក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup។

សូមជម្រាបថា United កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងលីគ ដោយមាន ២៦ពិន្ទុពី ១៤ប្រកួត និងមាន ៣ពិន្ទុនៅពីក្រោយក្រុមចំណាត់ថ្នាក់ទី៤ Tottenham Hotspur៕