(ឡុងដ៍)៖ ក្លិបអង់គ្លេស Wolverhampton Wanderers បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Matheus Cunha លើកិច្ចសន្យាលេងខ្ចីជើង មកពីក្លិប Atletico Madrid ដែលលេងនៅលីគកំពូលអេស្ប៉ាញ La Liga។ នេះបើតាមការប្រកាសពីក្លិបទាំងពីរ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

Cunha នឹងចូលរួមជាមួយ Wolves ចាប់ពីថ្ងៃទី០១ ខែមករាខាងមុខលើកិច្ចសន្យា ដែលនឹងអាចក្លាយជាការផ្លាស់ទៅលេងជាអចិន្ត្រៃយ៍រហូតដល់ឆ្នាំ២០២៧។ នេះបើតាមក្លិប Wolves បានឲ្យដឹង។

«យើងបានរកឃើញកាដូមួយថែមទៀតស្ថិតក្រោមដើមឈើ» នេះបើតាមក្លិបលេងនៅ Premier League បានសរសេរលើ Twitter។

ការប្រកាសនាំយកខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ គឺជាការចុះកិច្ចសន្យាលើកដំបូងរបស់លោក Julen Lopetegui ក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Wolves។

Cunha បានចូលរួមជាមួយ Atletico កាលពីខែសីហា ឆ្នាំ២០២១ និងរកគ្រាប់បាល់បាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៤០លើកក្នុងលីគ La Liga។ លោកត្រូវបានដាក់ឲ្យលេងភាគច្រើនក្នុងនាមជាកីឡាករបម្រុង។

Cunha បានបង្ហាញខ្លួនលើកដំបូង ក្នុងក្រុមជម្រើសជាតិប្រេស៊ីលកាលពីខែកញ្ញា ឆ្នាំ២០២១ ជាការប្រកួតជម្រុះ World Cup ឈ្នះ ១-០ លើក្រុមឈីលី៕