(ភ្នំពេញ)៖ បន្ទាប់ពីមានការអញ្ជើញរបស់ពលរដ្ឋខ្មែរនៅខេត្តសូរិន្ទ ប្រទេសថៃ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជូនប្រតិភូ និងអ្នកជំនាញជាច្រើនរូប ទៅធ្វើការផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមពីក្បាច់គុនអត្តសញ្ញាណជាតិ ដល់ពលរដ្ឋខ្មែរនៅទីនោះ ។

ការផ្សព្វផ្សាយគុនល្បុក្កតោលើទឹកដីថៃនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភាព និងជាប្រធានសហព័ន្ធ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ បានចាត់បញ្ជូនលោក អ៊ួ តារា និងគ្រូគុនផ្សេងទៀត ដើម្បីរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសអាជ្ញាកណ្ដាល-ចៅក្រម ស្ដីពីគុនល្បុក្កតោ តាមការអញ្ជើញរបស់ពលរដ្ឋខ្មែរនៅខេត្តសូរិន្ទ ។

លោក អ៊ួ តារា បានឲ្យដឹងនៅថ្ងៃនេះថា ការផ្សព្វផ្សាយនេះ មានរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី២៣-២៥ ខែធ្នូកន្លងទៅ ដោយមានសិក្ខាកាមចូលរួមចំនួន ៣០នាក់ ។ អ្វីដែលពិសេស ការរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលខាងលើ គឺបានទទួលការគាំទ្រ និងចូលរួមពីសំណាក់អភិបាលរងខេត្តសូរិន្ទ និងសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ Surindra Rajabhat University ទៀតផង ។

លោកថា «នេះគឺជាចំណុចចាប់ផ្ដើមដ៏ល្អមួយទៀត សម្រាប់គុនល្បុក្កតោ ស្របពេលគណៈកម្មាធិការជាតិ CAMSOC បានដាក់បញ្ចូលក្បាច់គុនអត្តសញ្ញាណជាតិនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការចុះបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO កាលពីថ្មីៗ ។ អ៊ីចឹងបងប្អូនយើងនៅតាមបណ្ដាប្រទេសជិតខាង ដូចជាថៃ ដែលមានបងប្អូនខ្មែរ មានការចាប់អារម្មណ៍ និងចង់រក្សានូវសម្បត្តិវប្បធម៌ប្រពៃណីគុនល្បុក្កតោ នៅក្នុងតំបន់ខេត្តសូរិន្ទ គឺពួកយើងរីករាយក្នុងការផ្សព្វផ្សាយ និងចែករំលែកពីក្បាច់គុនរបស់បុព្វបុរសខ្មែរនេះ» ។

បន្ទាប់ពីបញ្ចប់សិក្ខាសាលា ក៏ដូចជាវគ្គបណ្ដុះបណ្ដាល ប្រតិភូគុនល្បុក្កតោកម្ពុជា ក៏បានរៀបចំនូវសញ្ញាបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម ដែលបានចូលរួមផងដែរ ។ លើសពីនេះ ពលរដ្ឋខ្មែរនៅខេត្តសូរិន្ទ ថែមទាំងបានបង្ហាញពីគោលបំណងចូលរួមហ្វឹកហាត់ ក៏ដូចជាការបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ដើម្បីឈានទៅរៀបចំការប្រកួតជើងឯកក្នុងតំបន់នៅខេត្តសូរិន្ទ នាថ្ងៃអនាគត់ទៀតផង ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ួ តារា ៕