(បរទេស)៖ តាមរយៈការបង្ហោះនៅលើ Twitter នាពេលថ្មីៗនេះកំពុងមានការភ្ញាក់ផ្អើលដោយ Hacker ម្នាក់បានចេញមុខអះអាងថា ខ្លួនបានលួចទិន្នន័យរបស់អ្នកប្រើប្រាស់ Twitter ជាង ៤០០លាននាក់ ហើយកំពុងដាក់លក់វានៅលើ Dark Web។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
ជុំវិញបញ្ហានេះ Hacker ម្នាក់បានសរសេរនៅក្នុងការបង្ហោះនៅលើ Twitter ថា «ខ្ញុំកំពុងលក់ទិន្ន័យរបស់អ្នកប្រើប្រាស់ Twitter ជាង ៤០០លាន ដែលទិន្នន័យទាំងនោះត្រូវបានលុបចោល ហើយវាគឺជាទិន្នន័យ ឯកជនទាំងស្រុង»។ បន្ទាប់មក Hacker បានផ្តល់ជម្រើសឱ្យ Twitter នូវការចូលរួមក្នុងការពិភាក្សាលើការបង់ប្រាក់សម្រាប់ការរក្សាទុកទិន្នន័យដោយអះអាងថាវានឹងក្លាយជា «ជម្រើសដ៏ល្អបំផុត» របស់ពួកគេដើម្បីជៀសវាងការបង់ប្រាក់ពិន័យលើការបំពាន CDPR ដូចទៅនឹង ២៧៦លានដុល្លារដែល Facebook បានប្រឈមមុខកាលពីប៉ុន្មានខែមុន។
យ៉ាងណាមិញតាមរយៈការចែករំលែកនៅ Twitter ពីក្រុមហ៊ុនស៊ើបការណ៍តាមអ៊ីនធឺណិតរបស់អ៊ីស្រាអ៊ែល Hudson Rock បានបង្ហាញថា ទិន្នន័យដែលត្រូវបានលួចនោះរួមមាន អ៊ីមែល និងលេខទូសរស័ព្ទរបស់អ្នកប្រើប្រាស់ជាច្រើនដែលភាគច្រើនសុទ្ធសឹងតែបុគ្គលល្បីល្បាញ ឬអ្នកមានឥទ្ធិពលនៅក្នុងសង្គម។ បន្ថែមពីនេះទៅទៀតពួក Hacker ក៏កំពុងតែព្យាយាមបំផ្លាញព័ត៌មានជាច្រើនផងដែល ខណៈទិន្នន័យដែលត្រូវបានលួចនោះរួមមានព័ត៌មាន អំពីអង្គការសុខភាពពិភពលោក (WHO) សហភាពក្រសួងព័ត៌មាន និងផ្សព្វផ្សាយ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai និងតារាចម្រៀងអាមេរិក Charlie Puth រួមទាំងបុគ្គលល្បីល្បាញជាច្រើនទៀត៕