(កូរ៉េ)៖ សមាជិក​ពីរ​រូប​ទៀត​នៃ​ក្រុម BigBang គឺ Taeyang និង Daesung ត្រូវបានរាយការណ៍មកថា កំពុង​ចាក​ចេញ​ពីជម្រកដែលធ្លាប់រួមរស់ជាមួយរយៈ​ពេលដ៏​យូរ​របស់​ពួក​គេ​គឺ YG Entertainment។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

ព័ត៌មានដំបូងបានបែកធ្លាយ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះគឺ Taeyang អាយុ៣៤ឆ្នាំ កំពុងចូលរួមជាមួយភ្នាក់ងារថ្មី «The Black Label» បន្ទាប់ពីចាកចេញពីផលិតកម្មខ្នាតយក្យ YG Entertainment ក្រោយរួមរស់ក្រោមទ្រនំនេះ រយៈពេល១៦ឆ្នាំ។ បន្ថែមពីនេះផលិតកម្ម YG បាននិយាយថា ខ្លួនកំពុងពិភាក្សាអំពីការបន្តកិច្ចសន្យារបស់មិត្តរួមក្រុមរបស់ Taeyang គឺ G-Dragon អាយុ ៣៤ឆ្នាំ និង Daesung អាយុ ៣៣ឆ្នាំ ខណៈសមាជិកទីបួន T.O.P អាយុ ៣៥ឆ្នាំ បានចាកចេញពី YG Entertainment កាលពីដើមឆ្នាំនេះ។

ទោះជាយ៉ាងណាក៏ដោយ ការចរចាលើកិច្ចសន្យាហាក់ដូចជាមិនមានភាពរីកចម្រើនទេ ក្រោយមកនៅថ្ងៃច័ន្ទ សម្រាប់ Daesung ដែលបានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់លោកផងដែរ។ ដូច្នេះបានន័យថា តារាពីរូបទៀតរបស់ BigBang គឺ Taeyang និង Daesung បានចាកចេញផលិតកម្ម YG ហើយ។

គួរជម្រាបថា បង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ក្រុម BigBang គឺជាផ្នែកមួយនៃការផ្សព្វផ្សាយវិស័យ K-pop ដ៏មានឥទ្ធិពលបំផុតនៅពេលនោះ។ សមាជិកទី ៥ Seungri អាយុ៣២ឆ្នាំ បានចាកចេញពីក្រុមក្នុងខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន និងពេស្យាចារនៅក្លឹបរាត្រីដ៏ល្បីនៅទីក្រុងសេអ៊ូល Burning Sun ហើយក្រោយមកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ខែ៕