(ភ្នំពេញ)៖ វិស័យបម្រើសេវាអតិថិជន (Customer Engagement) និងទំនាក់ទំនងឆ្លាតវៃដោយបច្ចេកវិទ្យា (AI) បានក្លាយជាប្រធានបទសំខាន់នៅពិធីដាក់ដំណើរការកិច្ចព្រមព្រៀងភាពជាដៃគូររវាងក្រុមហ៊ុន Exotel ដែលជាភ្លែតហ្វមបម្រើសេវាអតិថិជនឈានមុខគេនៅទីផ្សារកំពុងរីកចម្រើន ជាមួយនឹងក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ដាក់ដំណើរការភាពជាដៃគូរវាងក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Exotel ដែលបានប្រព្រឹត្តនៅសណ្ឋាគារ Tribe នាថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ៤៥ ដែលមកពីវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ធានារ៉ាប់រង និងទូរគមនាគមន៍។
ជាមួយគ្នានោះដែរកិច្ចពិភាក្សាជាក្រុមលើប្រធានបទ «ការសម្រេចបាននូវកំណើននិងការតភ្ជាប់ សេវាអតិថិជន ជាមួយមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជនរួម» ភាពជាដៃគូថ្មីនេះត្រូវបានធ្វើឡើងដើម្បីណែនាំ «បទពិសោធទំនាក់ទំនងអតិថិជនទាំងអស់ក្នុងភ្លែតហ្វមតែមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាជីវកម្មដំណើរការដោយរលូន កែលម្អ និងទំនាក់ទំនងទៅអតិថិជនប្រកបដោយប្រសិទ្ធភាពចំណាយ សន្សំសំចៃពេលវេលា ជាមួយនឹងទំនាក់ទំនងរួម និងភ្លែតហ្វមបម្រើសេវាអតិថិជនពេញលេញ»។
ក្នុងកិច្ចពិភាក្សានេះមានការចូលរួមពីសំណាក់ លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Ezecom និងលោក Binzad Aliar អនុប្រធានក្រុមហ៊ុន Exotel ទទួលបន្ទុកផ្នែកលក់សកល, លោក Andrew Mittell នាយកផ្នែកសេវាបម្រើអតិថិជននៃក្រុមហ៊ុន Cellcard, លោក Niraj Gupta នាយកក្រុមហ៊ុន MACRO Solutions, លោក ប៉ុម វណ្ណថន ប្រធានផ្នែកសេវាបម្រើអតិថិជននៃធនាគារវីង។ ដោយមានលោក Nikhil Sharma ប្រធាន APAC គឺជាអ្នកសម្របសម្រួលកម្មវិធីក្នុងកិច្ចពិភាក្សានេះ។
ថ្លែងនៅក្នុងពិធីនេះ លោកស្រី Yuni Lee Heathcote បានឲ្យដឹងថា៖ «វាមិនមែនជាអាថ៌កំបាំងទេដែលបទពិសោធសេវាបម្រើអតិថិជនល្អ គឺជាផ្នែកសំខាន់មួយនៃគុណតម្លៃអាជីវកម្មសម្រាប់ការប្រកួតប្រជែង។ គោលបំណងនៃការសហការជាដៃគូថ្ងៃនេះ គឺដើម្បីសម្រេចបានគោលដៅនេះ។ រួមគ្នាជាមួយក្រុមហ៊ុន Exotel យើងកំពុងនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់សេវាបម្រើអតិថិជន និងទំនាក់ទំនងឆ្លាតវៃដោយបញ្ញាសិប្បនិមិត្តមកកាន់ប្រទេសកម្ពុជា ដែលខ្ញុំជឿជាក់ថា ភ្លែតហ្វមនេះនឹងផ្លាស់ប្តូរវិធីក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនឱ្យកាន់តែល្អប្រសើរ និងរក្សាបានអតិថិជនកាន់តែច្រើន»។
លោកស្រី Yuni Lee Heathcote បានបន្ថែមថា៖ «សរុបមក ខ្ញុំពិតជារំភើបចំពោះភាពជាដៃគូនេះ។ នេះជាអ្វីដែលអតិថិជនរបស់យើងជាច្រើនបាននឹងកំពុងស្នើសុំ ហើយយើងខ្ញុំរីករាយដែលយើងអាចផ្តល់ជូនដំណោះស្រាយដ៏សំខាន់នេះជាមួយនឹងដៃគូជំនាញពីក្រុមហ៊ុន Exotel»។
ការចាប់ផ្តើមនៃកិច្ចព្រមព្រៀងភាពជាដៃគូនេះ ត្រូវបានរំពឹងយ៉ាងខ្លាំងថានឹងជួយពន្លឿនវិស័យបម្រើសេវាអតិថិជន និងការទំនាក់ទំនងឆ្លាតវៃដោយបញ្ញាសិប្បនិមិត្តនៅកម្ពុជា ហើយនឹងជួយក្រុមហ៊ុនក្នុងស្រុកក្នុងការធ្វើបដិវត្តឌីជីថល និងធ្វើទំនើបកម្មអាជីវកម្មរបស់ពួកគេ។ ការទទួលយកបច្ចេកវិទ្យាទំនាក់ទំនងដែលមានមូលដ្ឋានលើខ្លោដ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត កំពុងក្លាយជានិន្នាការដែលកើនឡើងកាន់តែខ្លាំងនៅទូទាំងពិភពលោក ដែលអ្នកទទួលយកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់មុនគេបង្កើតតម្លៃអាជីវកម្មខ្លាំងជាងគេ និងទទួលបានគុណតម្លៃពីអតិថិជន។
លោក Binzad Aliar អនុប្រធានក្រុមហ៊ុន Exotel ទទួលបន្ទុកផ្នែកលក់សកល បានថ្លែងថា៖ «កិច្ចព្រមព្រៀងនេះផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន និងអតិថិជននៅប្រទេសកម្ពុជា។ យើងដឹងពីកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន Ezecom ក្នុងការនាំយកបច្ចេកវិទ្យាច្នៃប្រឌិតចុងក្រោយបំផុត និងកម្មវិធីឌីជីថលមកកាន់ទីផ្សារ។ នេះជាមូលហេតុដែលធ្វើឱ្យយើងមានមោទនភាពក្នុងការផ្តល់ដំណោះស្រាយតាមរយៈសេវាខ្លោដចុងក្រោយបង្អស់នៅទីនេះក្នុងព្រះរាជាណាចក្រកម្ពុជា»។
សូមជម្រាបដែរថា ក្រុមហ៊ុន Exotel គឺជាប្រតិបត្តិករផ្តល់សេវាភ្លែតហ្វមទំនាក់ទំនងអតិថិជនឈានមុខគេនៅទីផ្សារកំពុងរីកចម្រើន និងប្រតិបត្តិករទូរគមនាគមន៍និម្មិតដែលផ្តោតលើតម្រូវការរបស់ក្រុមហ៊ុនអាជីវកម្ម។ បង្កើតឡើងក្នុងឆ្នាំ២០១១ ផលិតផលដែលមានមូលដ្ឋានលើខ្លោដលំដាប់ពិភពលោករបស់ក្រុមហ៊ុន Exotel បម្រើសេវាទំនាក់ទំនងអតិថិជន ៥០លានក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនជាង ៦០០០ នៅក្នុងប្រទេសឥណ្ឌា តំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្វ្រិក។
សព្វថ្ងៃនេះ ក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុតមួយចំនួននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន (ក្រុមហ៊ុន Ola ក្រុមហ៊ុន Swiggy ក្រុមហ៊ុន Flipkart ក្រុមហ៊ុន GoJek ក្រុមហ៊ុន Byju's ក្រុមហ៊ុន Urban Company ក្រុមហ៊ុន HDFC Bank ក្រុមហ៊ុន Zomato ក្រុមហ៊ុន Oyo ជាដើម) គ្រប់គ្រងការងារទំនាក់ទំនងអតិថិជនរបស់ខ្លួនជាមួយនឹងមណ្ឌលទំនាក់ទំនង omnichannel របស់ក្រុមហ៊ុន Exotel ដែលជាកម្មវិធីទំនាក់ទំនង APIs និងភ្លែតហ្វមសន្ទនាប្រើប្រាស់បច្ចេកវិទ្យា AI នៅលើខ្លោដ។ ក្រុមហ៊ុនទាំងនេះគឺជាប្រភេទក្រុមហ៊ុនក្នុងថ្នាក់ Series D ដែលមានលទ្ធភាពប្រមូលមូលនិធិ ១០០លានដុល្លារ និងមានប្រាក់ចំណូលប្រចាំឆ្នាំ (ARR) ចំនួន ៥០លានដុល្លារ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ exotel.com៕