(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បាននិយាយនៅថ្ងៃចន្ទថា ឥឡូវនេះសេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ក្រុមហ៊ុន Starlink ប្រមាណជិត ១០០គ្រឿងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

នេះជាការឆ្លើយតបដ៏ធំមួយទៅនឹងសាររបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែល Musk បាននិយាយកាលពីខែកញ្ញា ថានឹងដាក់ដំណើរការសេវាអ៊ីនធឺណិត Starlinks នៅក្នុងប្រទេសអ៊ីរ៉ង់ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយសហរដ្ឋអាមេរិក «ដើម្បីលើកកម្ពស់សេរីភាពអ៊ីនធឺណិត និងលំហូរព័ត៌មានដោយសេរី»ដល់ប្រជាជនអ៊ីរ៉ង់។

ជុំវិញការសម្រចដាក់ឱ្យប្រើប្រាស់សេវាអ៊ីនធឺណិត Starlink របស់ Musk ក្នុងគោលបំណងជួយឱ្យប្រជាជនអឺរ៉ង់ជាច្រើនបានជៀសផុតពីការរឹតបន្តឹងរបស់រដ្ឋាភិបាលលើការចូលប្រើអ៊ីនធឺណិត និង Platformប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទៀត ចំពេលមានការតវ៉ាជុំវិញប្រទេសអ៊ីរ៉ង់បន្ទាប់ពីការស្លាប់របស់នាង ម៉ាស់សា អាមីនី (Mahsa Amini) អាយុ២២ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ៕