(ភ្នំពេញ)៖ ម្ចាស់គ្រងមកុដ «Miss Universe Cambodia 2022» ហង្ស ម៉ានីតា បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីរាត្រីថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចេញទៅប្រកួតក្នុងកម្មវិធី Miss Universe Internatoinal នៅសហរដ្ឋអាមេរិកលើកទី៧១ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសចេញដំណើរទៅប្រកួតជាលក្ខណៈអន្តរជាតិ តំណាងឲ្យប្រទេសកម្ពុជា នៅពេលនេះ គេសង្កេតឃើញមានអ្នកជូនដំណើរ ដែលជាអ្នកចូលចិត្តវិស័យកញ្ញាឯក យ៉ាងច្រើនកុះករ ក្នុងនោះក៏មានវត្តមានអ្នកគ្រប់គ្រងកម្មវិធី «Miss Universe Cambodia 2022» គឺលោក ម៉ែន និមលរ័ត្ន និងអ្នកជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់កញ្ញាឯក គឺលោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ, លោក គង់ វិសាល អ្នកដឹកនាំកម្មវិធីសិល្បៈ របស់ទូរទស្សន៍បាយ័ន ព្រមទាំងសាច់ញាតិ និងអ្នកគាំទ្រជាច្រើននាក់។
Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា បានថ្លែងមុនពេលចេញដំណើរ នៅអាកាសយានដ្ឋានអន្ដរជាតិពោធិចិនតុង ដោយស្នាមញញឹម និងមានជំនឿរចិត្តខ្ពស់ថា នាងពិតជារំភើបរហូតស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ពេលដែលបានឃើញអ្នកគាំទ្រ មកលើកទឹកចិត្តយ៉ាងច្រើនកុះករបែបនេះ មុននាងឡើងយន្ដហោះ។ នាងបានតាំងចិត្តខ្ពស់ក្នុងការបញ្ចេញសម្ថភាព ឲ្យអស់នៅលើឆាកអន្ដរជាតិ មិនឲ្យអ្នកគាំទ្រខកចិត្តឡើយ។ នេះជាលើកទី១សម្រាប់រូបនាង ក្នុងការចេញទៅប្រកួត នៅលើវេទិការអន្ដរជាតិ ហើយនាងមានជំនឿចិត្តខ្ពស់ ពិសេសក្រោយទទួលបានការបង្ហាត់បន្ថែម ពីអ្នកជំនាញបង្ហាញម៉ូដគ្រូមកពីឥណ្ឌាទាំង៦រូប រយៈពេល២ថ្ងៃពីរបៀបដើរម៉ូដ និងឆ្លើយសំណួរ ហេតុនេះហើយនាងនឹងប្រឹងបញ្ចេញសម្ថភាពឲ្យអស់ពីលទ្ធភាពដើម្បីកម្ពុជា។
ស្រីស្អាត ហង្ស ម៉ានីតា សំណូមពរឲ្យមហាជនជួយ Vote ឲ្យនាងនៅពេលកម្មវិធីចាប់ផ្ដើមដំណើរការប្រកួត នៅលើទឹកដីសហរដ្ឋអាមេរិក ព្រោះខាង Miss Universe គេបានបើកឲ្យVote ហើយដោយគ្រាន់តែបងប្អូនដោនឡូតអេបរបស់ Miss Universe និងចុចលើប្រទេសដែលយើងពេញចិត្តនោះរួចរាល់ ដែលការ Vote នោះគឺ Free។
លោក ចិន សំណាង ថៅកែហាងពេជ្រ CSNJ បានប្រាប់ឲ្យដឹងថា លោកសប្បាយចិត្តណាស់ ដែលឃើញប្រជាជនកម្ពុជាគាំទ្រវិស័យបវរកញ្ញាច្រើនបែបនេះ ហើយនេះជាលើកទី១ហើយ ដែលលោកឃើញមានមនុស្សរាប់រយនាក់ចូលរួមគាំទ្រ។ លោកមានសង្ឃឹមថា កញ្ញា ម៉ានីតា នឹងយកជយលាភីមកជូនជាតិឲ្យបាន តាមរយៈការខិតខំប្រឹងប្រែងរបស់នាង គឺនឹងបានលទ្ធផល បើទោះជាការប្រកួតប្រជែង គឺត្រូវមានឈ្នះចាញ់ក្ដី ប៉ុន្ដែលោកមានសង្ឃឹមខ្ពស់ ព្រោះសារព័ត៌មាននៅសហរដ្ឋអាមេរិក ក៏គេចុះផ្សាយច្រើនដែរ គេគិតថាកម្ពុជាអាចជាប់ Top5 ឬ Top10 ឬអាចនឹងឈ្នះពានទៀតក៏ថាបាន។ នេះបើតាមការយល់ឃើញរបស់លោក។
លោក ចិន សំណាង ដែលជាអ្នកឧបត្ថម្ភធំដល់ការចំណាយ និងជាអ្នកគាំទ្រយ៉ាងសកម្មក្នុងវិស័យបវរកញ្ញានេះ បានសន្យាថា បើសិនជាកញ្ញា ម៉ានីតា ជាប់បានត្រឹម Top10 នោះលោកជូនរង្វាន់នូវទឹកប្រាក់ចំនួន១ម៉ឺនដុលា្លរ និងចិញ្ជៀនពេជ្រ១វង់ទៀតផង ជាការលើកទឹកចិត្តដល់បេក្ខនារីតំណាងប្រទេសរបស់យើង។
ដោយឡែកលោក ម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រង «Miss Universe Cambodia» បានថ្លែងថា លោករំភើបខ្លាំង ព្រោះឃើញមានអ្នកគាំទ្រមកជូនដំណើរកញ្ញា ម៉ានីតា ច្រើន។ ហេតុនេះលោកសង្ឃឹមថា កម្ពុជាឆ្នាំនេះនឹងទទួលបានលទ្ធផលល្អ។ Miss Universe Cambodia ឈានដល់៥ជំនាន់មកហើយ ដែលលោកឃើញថា ពីមួយជំនាន់ទៅមួយជំនាន់កាន់តែមានភាពខ្លាំងទៅៗ គឺអាស្រ័យទៅលើកាលៈទេសៈនិងស្ថានភាពជាក់ស្ដែង។ សម្រាប់ ម៉ានីតា លោកយល់ថា ជាមនុស្សដ៏មានសក្ដានុពល គឺបានទាំងសម្រស់ និងចំណេះដឹង ខណៈការហ្វឹកហាត់របស់នាង មានឱកាសច្រើន ព្រោះមានទាំងគ្រូជនជាតិហ្វីលីពីនជួយគាត់ ខណៈថ្មីៗនេះ លោកសំណាង ក៏បានអញ្ជើញគ្រូបង្ហាញម៉ូដមកពីឥណ្ឌាមកបង្វឹករូបនាងបន្ថែមទៀត។
គួរបញ្ជាក់ថា មុនកញ្ញា ហង្ស ម៉ានីតា ចេញទៅប្រកួតនៅសហរដ្ឋអាមេរិក ក្នុងកម្មវិធីកញ្ញាឯកចក្រវាឡលើកទី៧១ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ កាលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២២ អ្នកគ្រប់គ្រង Miss Universe Cambodia ក៏បានរៀបចំពិធីជំនួបបវរកញ្ញាឯកកម្ពុជាទាំង៥ជំនាន់ (2017-2022) ផងដែរ ដែលក្នុងនោះថ្នាក់ដឹកនាំវិស័យនេះក៏បានផ្ដល់អនុសាសន៍ និងដំបូន្មានល្អៗដល់ ម៉ានីតា ដើម្បីលើកទឹកចិត្តដល់នាងមុនចេញទៅប្រកួតលើវេទិការអន្ដរជាតិដ៏ធំមួយនេះ៕