(ចិន)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China Media Group (CMG) នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានរៀបចំការហាត់សមជាលើកដំបូងរបស់ខ្លួន ដើម្បីត្រៀមសម្តែង សម្រាប់ព្រឹត្តិការណ៍អបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៣ ដែលនឹងខិតចូលមកដល់នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CCTV Plus នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
ការហាត់សមបន្ថែមទៀត នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ មុនពេលការប្រគំតន្ត្រីផ្លូវការ ត្រូវបានចាក់ផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៣ ដែលជាថ្ងៃចូលឆ្នាំថ្មី ប្រពៃណីចិន។ ជាការពិតណាស់ អស់រយៈពេលរាប់ទស្សវត្សមកហើយ ដែលកម្មវិធីប្រគំតន្ត្រីអបអរចូលឆ្នាំថ្មី ត្រូវបានចាត់ទុកថា ជាកម្មវិធីសម្រាប់ក្រុមគ្រួសារជនជាតិចិន ទាំងក្នុង និងក្រៅប្រទេសជុំគ្នាទស្សនានៅថ្ងៃបុណ្យចូលឆ្នាំ ដោយកម្មវិធីនេះមានការសម្តែងចម្រុះគ្រប់ទម្រង់ ចាប់ពីការច្រៀង រាំ កំប្លែង កាយសម្ព័ន្ធ និងការសម្ដែងសៀកផងដែរ។
គួរជម្រាបថា ការប្រគំតន្រ្តីនេះក៏ត្រូវបានទទួលស្គាល់ ដោយស្ថាប័នកំណត់ត្រាពិភពលោក «Guinness World Records» ផងដែរ ក្នុងនាមជាកម្មវិធីទូរទស្សន៍ ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតលើលោក ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ១៩៨៣ មក ដោយមានអ្នកទស្សនារាប់ពាន់លាននាក់ជារៀងរាល់ឆ្នាំ៕