(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ប្រកាសដំឡើងឋានៈលោក Tom Zhu ដែលជានាយកប្រតិបត្តិជាន់ខ្ពស់មួយរូបក្នុងប្រទេសចិន ឱ្យមកទទួលបន្ទុកលើរោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក និងមើលការខុសត្រូវរាល់ប្រតិបត្តិការដាក់លក់នៅអាមេរិកខាងជើង និងអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។
ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យតួនាទីរបស់ Zhu ដែលមើលការខុសត្រូវក្នុងប្រទេសចិន ក្លាយជានាយកប្រតិបត្តិជាន់ខ្ពស់បំផុតនៅ Tesla បន្ទាប់ពីលោក Elon Musk។ តាមរយៈការបង្ហោះរបស់ Tesla នៅថ្ងៃអង្គារនេះបានបន្ថែមទៀតថា ក្រៅពីទទួលបន្ទុករាល់ប្រតិបត្តិការដាក់លក់នៅអាមេរិកខាងជើង និងអឺរ៉ុប លោក Zhu ក៏នឹងរាប់រងការត្រួតពិនិត្យ និងចែកចាយរថយន្តនៅក្នុងទីផ្សារសំខាន់ៗផ្សេងទៀតរបស់ Tesla ជាពិសេសនោះគឺ សង្វាក់ផលិតកម្មដែលកំពុងតែរីកចម្រើនក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។
យ៉ាងណាមិញជុំវិញការប្រកាសតែងតាំងភ្លាមៗនេះ Tesla មិនទាន់បញ្ជាក់លម្អិតនោះទេ។ ប៉ុន្តែបើតាមរបាយការណ៍កន្លងមកត្រូវបានគេរំពឹងថា ទាំងនេះទំនងជាបណ្តាលមកពីបញ្ហាភាគហ៊ុនធ្លាក់ចុះជាគំហុក ចាប់តាំងពី Musk បញ្ចប់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីចុងខែតុលា ឆ្នាំ២០២២ កន្លងទៅ។
គួរបញ្ជាក់ដែរថា ស្ថិតក្រោមការគ្រប់គ្រងរបស់ Zhu ក្នុងប្រទេសចិនត្រូវបាន Tesla សរសើរមិនដាច់ពីមាត់ អំពីសមត្ថភាព ក៏ដូចជាការតស៊ូរបស់លោក ខណៈលោកបានជួយស្រោចស្រង់ជីវិត Tesla ឱ្យងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាត COVID-19 ស្របពេលដែលអ្នកដ៏ទៃទៀតព្យាយាមដើរចេញពីក្រុមហ៊ុន៕