(ភ្នំពេញ)៖ ទោះបីព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ត្រូវបានប្រកាសទទួលបានជោគជ័យលើសពីការរំពឹងទុកក្តី ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួន ត្រូវលើកយកមកដាក់លើតុ ដើម្បីពិនិត្យ និងវាយតម្លៃសម្រាប់ទុកជាមេរៀន និងដោះស្រាយឆ្ពោះទៅរកភាពជោគជ័យ ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី០៣ ខែមករា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំពិសេសមួយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃពីលទ្ធផលទទួលបានពីការរៀបចំកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ កាលពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

ថ្លែងក្រោយចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលកើតមានក្នុងពេលរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ។ ការលើកយកចំណុចខ្វះខាតតូចធំទាំងអស់មកពិភាក្សាគ្នា ដើម្បីទុកជាមេរៀន និងជាបទពិសោធន៍ ក្នុងការដោះស្រាយ សម្រាប់ឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឲ្យកាន់តែល្អប្រសើរ។

លោកបន្ដថា «ចំណុចល្អយើងមានច្រើន ដោយមានការសាទរច្រើនពីមហាជន តែក្នុងនាមអ្នកបច្ចេកទេស និងធ្វើផ្ទាល់ យើងឃើញនៅមានចន្លោះប្រហោងខ្លះ។ អ៊ីចឹងចំណុចខ្វះខាតទាំងអស់ ត្រូវបានឯកឧត្ដមបណ្ឌិត ថោង ខុន បានវិភាគលម្អិតលើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពរៀបចំការប្រកួតជាលក្ខណៈជំនាញតាមសហព័ន្ធកីឡាជាតិនីមួយៗ តើមានកង្វះខាតអ្វីខ្លះ? ទីលានខ្វះខាត? មានបញ្ហារៀបចំមិនបានល្អតាមបច្ចេកទេស ឬខ្វះខាតចន្លោះណាមួយក្នុងបច្ចេកទេស? ការខ្វះខាតធនធានមនុស្សកម្រិតណា? ក៏ដូចជាការរៀបចំពិធីបើក-បិទ សន្ដិសុខសណ្ដាប់ធ្នាប់ ផ្នែកសុខាភិបាល ក្រុមអ្នកស្ម័គ្រចិត្ត និងប្រព័ន្ធបច្ចេកវិទ្យា (IT) ជាដើម ដែលយើងធ្វើក្នុងកីឡាជាតិនេះ គឺយើងត្រូវប្រមូលផ្ដុំធាតុអវិជ្ជមានទាំងអស់ មកដល់លើតុពិភាក្សាគ្នា ហើយយកវាមកធ្វើជាមេរៀន និងបទពិសោធន៍ នៅពេលយើងធ្វើស៊ីហ្គេមតែម្ដង»

«យើងបានប្រកាសហើយប្រកាសទៀតថា ការរៀបចំកីឡាជាតិ និងកីឡាជាតិជនពិការនេះ គឺដើម្បីដកស្រង់បទពិសោធន៍ និងវាស់ស្ទង់នូវសមត្ថភាពការងាររបស់យើង ហើយស្វែងរកនូវការធ្វើទំនើបកម្ម ធ្វើឲ្យគុណតម្លៃ ក៏ដូចជាគុណភាពនៃការរៀបចំរបស់ស៊ីហ្គេមកាន់តែល្អប្រសើរទៅលើចំណុចខ្វះខាតហ្នឹង។ អ៊ីចឹងការវាយតម្លៃ គឺយើងបានពិភាក្សាគ្នាលម្អិត ហើយយើងបានទទួលធាតុចូលលម្អិតពីគ្រប់ភាគីពាក់ព័ន្ធ...។ យើងបានប្រមូលផ្ដុំគ្នា ហើយខ្ចប់មួយកញ្ចប់មកធ្វើជាអភិក្រមមួយ សម្រាប់ឆ្ពោះទៅការដោះស្រាយនូវការប្រកួតកីឡាស៊ីហ្គេមរបស់យើង»។ លោក វ៉ាត់ ចំរើន បន្ថែម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានបង្ហាញសុទិដ្ឋិនិយមថា ទោះបីមានចំណុចខ្វះខាតតិចតួចយ៉ាង ក៏មិនមែនជាកង្វល់ធំដុំនោះដែរ ពិសេសក្រោមភាពឈ្លាសវៃរបស់លោករដ្ឋមន្ដ្រី ថោង ខុន ក៏ដូចជាស្មារតីកិច្ចប្រជុំពិសេសខាងលើ ដែលមានការចូលរួម និងការលើកឡើងពីចក្ខុវិស័យច្បាស់លាស់ល្អៗជាច្រើន គឺជាប្រយោជន៍ដ៏សំខាន់ ឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕