(ឡុងដ៍)៖ ក្លិបបាល់ទាត់អង់គ្លេស​ Leeds United បានចុះកិច្ចសន្យានាំយកខ្សែការពារសញ្ជាតិអូទ្រីស Max Wober មកពីក្លិប Red Bull Salzburg លើកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះ ជាមួយនឹងតម្លៃផ្ទេរមិនត្រូវបានបង្ហាញនោះទេ។ នេះបើតាមក្លិបលេងនៅលីគ Premier League បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២៣។

Wober គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងលីគអូទ្រីស នៅពេលដែលចុះកិច្ចសន្យាជាមួយ Salzburg នាពេលកន្លងមក។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានឈ្នះពានរង្វាន់លីគ Austrian League និង Cup ៣លើកជាប់ៗគ្នា ក្នុងការបង្ហាញខ្លួន ១២៥ប្រកួតជាមួយ Salzburg។

ការចុះកិច្ចសន្យានេះ Wober នឹងបានចូលរួមជាមួយអតីតមិត្តរួមក្រុម គឺកីឡាករ Brenden Aaronson និង Rasmus Kristensen នៅក្នុងក្លិប Leeds។

«Wober នឹងពាក់អាវលេខ៣៩ នៅអំឡុងពេលនៃការលេងរបស់លោកជាមួយ Leeds ហើយអាចនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតជុំទី៣ នៃពាន FA Cup នាថ្ងៃអាទិត្យប៉ះក្រុម Cardiff City»។ នេះបើតាមក្លិប Leeds បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

Wober ដែលជាប់លេង ១៣លើកឲ្យក្រុមជម្រើសជាតិអូទ្រីសនោះ មានសមត្ថភាពអាចលេងបានទាំងតួនាទីខ្សែការពារកណ្តាល ឬក៏ខ្សែការពារឆ្វេង។

សូមជម្រាបថា Leeds កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងលីគ Premier League ហើយការប្រកួតបន្ទាប់របស់ពួកគេ នឹងត្រូវប៉ះក្រុម West Ham United នៅថ្ងៃពុធ៕