(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (AIA Cambodia) និងក្រសួងកិច្ចការនារី បានបញ្ចប់ឆ្នាំទី១ លើគម្រោងលើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា ដែលគម្រោងនេះមានរយៈពេល៥ឆ្នាំ ដោយបានផ្តល់វគ្គបណ្តុះបណ្តាល ថ្នាក់មូលដ្ឋានដល់ស្រ្តីចំនួន ៩០០នាក់ លើចំណេះដឹងពាក់ព័ន្ធនឹងជំងឺមហារីក អាហារូបត្ថម្ភ និងផ្នែកហិរញ្ញវត្ថុ។
ការសម្រេចបាននូវ គោលបំណងរបស់ AIA Cambodia ក្នុងការជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើររបស់ភាពជាដៃគូ ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រក្នុងវិស័យសុខាភិបាល ធ្វើឡើងតាមរយៈផ្សព្វផ្សាយព័ត៌មានអំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ អត្ថប្រយោជន៍នៃរបបអាហារត្រឹមត្រូវ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
ដើម្បីប្រាកដថាស្ត្រី និងប្រជាជននៅទីតាំងគោលដៅរបស់ គម្រោងទទួលបានចំណេះដឹង ក្រុមហ៊ុន និងក្រសួងបានរៀបចំវេទិកាផ្សព្វផ្សាយអប់រំទៅដល់សហគមន៍ ផ្ទាល់ ក៏ដូចជាផ្គត់ផ្គង់សម្ភារៈអប់រំ និងសកម្មភាពនានាទាំងលើប្រព័ន្ធឌីជីថល និងជួបទំនាក់ទំនងផ្ទាល់។
គម្រោងរវាងរដ្ឋាភិបាល និងវិស័យឯកជន ក្រោមពាក្យស្លោក «សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ» នេះជួយដល់ស្ត្រី និងគ្រួសារនៅក្នុងខេត្តចំនួនបួន គឺខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងកំពត។ សម្រាប់ឆ្នាំ ២០២៣ គម្រោងនេះនឹងរៀបចំវេទិកាអប់រំនៅតាមសហគមន៍ចំនួន ១៦ទីតាំង ដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយដល់មនុស្សរាប់ពាន់នាក់បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីប្រធានបទគោលរបស់ខ្លួន កិច្ចសហការនេះក៏ផ្តោតលើការកាត់បន្ថយអត្រាមរណភាពដោយសារជំងឺមហារីក បណ្តុះគំនិតទទួលយករបៀបរស់នៅដើម្បីទទួលបាន សុខភាពល្អ និងប្រយុទ្ធប្រឆាំង ជំងឺមិនឆ្លង ដែលប៉ះពាល់ដល់សុខភាព និងជីវិត របស់មនុស្សទូទាំងពិភពលោក រួមទាំង កម្ពុជា ជាពិសេសស្ត្រី និងក្មេងស្រី។
ក្នុងវេទិកាអប់រំដែលប្រព្រឹត្តទៅក្នុងខេត្ត សៀមរាប ក៏មានវត្តមានចូលរួមយ៉ាងខ្ពង់ខ្ពស់របស់លោកជំទាវ សាន អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងវត្តមានសមាជិករបស់មន្ត្រីក្រសួងកិច្ចការនារី បានចូលរួមនៅទីតាំងទាំងបួន អ្នកតំណាងមកពីខេត្ត គណៈគ្រប់គ្រងមកពី AIA Cambodia បុគ្គលិក និងទីប្រឹក្សាផែនការជីវិត និងសាធារណជនទាំងឡាយ។ ស្ត្រីដែលបានចូលរួមក្នុងវេទិកាទាំងនោះ បានផ្តោតយកចិត្តទុកដាក់ព្យាយាមក្រេបជញ្ជក់យកចំណេះដឹងអំពី ជំងឺមហារីក និងការរៀបចំផែនអនាគត ហិរញ្ញវត្ថុរបស់គ្រួសារ ដើម្បីជួយកាត់បន្ថយភាពមិនប្រកដប្រជាផ្នែកហិរញ្ញវត្ថុ និងការខ្វាយខ្វល់អំពីអនាគត។
លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន AIA Cambodia បានមានប្រសាសន៍ថា «យើងតែងតែយកចិត្តទុកដាក់លើស្ត្រីចាប់តាំងពីថ្ងៃដំបូងនៃ ដំណើរប្រតិបត្តិការនៅទីនេះក្នុងឆ្នាំ ២០១៧មកម្ល៉េះ។ គោលបំណងរបស់យើង គឺចង់ឱ្យពួកគាត់ឲ្យទទួលបានកាន់តែប្រសើរនូវ សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ តាមរយៈការអប់រំ និងការចែករំលែកព័ត៌មាននានា។ ភាពជាដៃគូរបស់យើងជាមួយ ក្រសួងកិច្ចការនារី មានគោលបំណងជួយដល់ស្ត្រី នៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ជាមួយការប្តេជ្ញាធ្វើវាឲ្យក្លាយជាការពិត»។
លោកបានបន្ថែមថា ក្នុងចំណោមគំនិតផ្តួចផ្តើមដើម្បីស្រ្តី របស់ AIA Cambodia រួមមានកម្មវិធីជជែកពិភាក្សា «ស្ត្រីធ្វើបាន» (The Best of Me) ដែលមានផ្សាយផ្ទាល់លើទំព័រ ហ្វេសប៊ុក បានផ្តល់ ការចែករំលែកដំបូន្មានពីវាគ្មិនកិត្តិយសល្បីដើម្បីជួយជ្រោមជ្រែង និងបំផុសគំនិតល្អៗសម្រាប់ស្ត្រី។ ទន្ទឹមនឹងនោះផងដែរក៏មានយុទ្ធនាការប្រចាំឆ្នាំ Fit for Hope ដែលបង្កើតឡើងដើម្បី លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដល់ស្ត្រី ដើម្បីស្វែងយល់អំពីជំងឺនេះ និងចេះបង្ការការការពារផងដែរ។
គម្រោងនេះផងដែរ បង្កើតឡើងស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្សមួយពាន់លាននាក់នៅអាស៊ីឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។ «សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ» ជាគំនិតផ្តួចផ្តើមមួយរបស់គម្រោងគាំពារ និងគាំទ្រស្ត្រីរបស់ AIA Cambodia រួមមានកម្មវិធីជជែកពិភាក្សា «ស្ត្រីធ្វើបាន» ឬ The Best of Me ដើម្បីជួយលើកកម្ពស់ និងជម្រុញទឹកចិត្តស្ត្រី និងយុទ្ធនាការ ប្រចាំឆ្នាំ Fit For Hope ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ដើម្បីជួយស្ត្រីឲ្យយល់ដឹងច្បាស់អំពីជំងឺ និងវិធីការពារ។
«តាមរយៈសកម្មភាព និងគម្រោងរបស់យើង AIA Cambodia បន្តប្តេជ្ញា លើកកម្ពស់ស្ត្រីកម្ពុជា ផ្តល់ចំណេះដឹងដែលជាប្រយោជន៍ដល់ពួកគេ ផ្តល់លទ្ធភាពឱ្យពួកគាត់រួមចំណែកបន្ថែមទៀតដល់ប្រទេជាតិ និងជួយពួកគាត់ឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរ»។
ក្រសួង និង AIA Cambodia នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ រួមទាំងក្រសួងសុខាភិបាល និងអាជ្ញាធរ ដូចជាមន្ទីរកិច្ចការនារីថ្នាក់ខេត្ត-ក្រុង និង ស្រុក។
ដើម្បីស្វែងយល់បន្ថែមអំពីការលើកកម្ពស់សុខភាព និងសុខុមាលភាពហិរញ្ញវត្ថុរបស់ស្ត្រីកម្ពុជា ឬ ព័ត៌មានលម្អិតអំពី AIA Cambodia ផ្តល់ជូននូវដំណោះស្រាយលើជំងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ចៃដន្យដើម្បី ការពារគ្រួសារអ្នក និងអ្នក សូមអ៉ីម៉ែលមកកាន់ [email protected] ៕