(អារ៉ាប៊ីសាអូឌីត)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិប Al Nassr ខណៈដែលបាននិយាយថា «ការងារនៅអឺរ៉ុបត្រូវបានបញ្ចប់ហើយ» ប៉ុន្តែគាត់មានឱកាសជាច្រើនពីក្លិបផ្សេងៗទៀត មុនពេលសម្រេចចិត្តចូលរួមជាមួយក្លិប Al Nassr។

Ronaldo បានចូលរួមជាមួយក្លិប Al Nassr ក្នុងលក្ខណ្ឌមិនតម្លៃផ្ទេរនោះទេ បន្ទាប់ចែលផ្លូវគ្នាជាមួយក្លិបអង់គ្លេស Manchester United ក្រោយពេលមានបទសម្ភាសន៍ដ៏ចម្រូងចម្រាសមួយដែលលោកបានបង្ហាញការរិះគន់ទៅលើក្លិប។

បុរសវ័យ ៣៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់ Ronaldo បានលើកឡើងថា «លោកបានការចាប់អារម្មណ៍ពីក្លិបនៃលីគប្រេស៊ីល, អូស្ត្រាលី, សហរដ្ឋអាមេរិក និងក្លិបក្នុងស្រុកនៃលីគកំពូលព័រទុយហ្គាល់» លោកបន្តថា «ខ្ញុំបានឈ្នះគ្រប់យ៉ាង ខ្ញុំបានលេងឲ្យក្លិបកំពូលៗនៅអឺរ៉ុប ហើយពេលនេះវាជាការប្រកួតប្រជែងថ្មីនៅអាស៊ី»

បញ្ជាក់ផងថា របាយការណ៍បានឲ្យដឹងថា Ronaldo ដែលនឹងអាចទទួលបានប្រាក់ខែក្នុងមួយឆ្នាំប្រមាណ ១៧៣លានផោនពីក្លិប Al Nassr ដែលតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយមានកិច្ចសន្យារហូតដល់ឆ្នាំ២០២៥។

រំលឹកផងថា មុនការសម្រេចចួលរួមជាមួយលីគស្ថិតក្នុងតំបន់អាស៊ីនេះ ម្ចាស់បាល់មាស ៥លើក Ronaldo បានលេង ៩៥១ប្រកួតនឹងរកបាន ៧០១គ្រាប់ក្នុងក្របខណ្ឌលីគអឺរ៉ុប មានជាមួយក្លិប Sporting, Manchester United, Real Madrid និង Juventus ហើយបានឈ្នះពាន UEFA Champions League ៥លើក។

ជាបណ្តោះអាសន្នការប្រជែងលីគ Saudi Professional League 2022-23 ក្នុងចំណោម ១៦ក្រុមនោះ ក្លិប Al Nassr កំពុងស្ថិតក្នុងកំពូលតារាងរកបាន ២៦ពិន្ទុក្រោយឆ្លងកាត់ ១១ប្រកួត ឈរក្នុងតំណែងអាចមានសិទ្ធលេងពានរង្វាន់ AFC Champions League 2023-24 វគ្គចែកពូល៕