(បរទេស)៖ ខណៈរឿង «Avatar» វគ្គ២ កំពុងចាក់បញ្ចាំងក្នុងរោងកុន ពេលនេះ ផលិតករ James Cameron បញ្ជាក់ថា «Avatar» វគ្គ៣ គឺបានបញ្ជប់ការថតហើយ ខណៈវគ្គ៣នេះទៀតសោត លោកនឹងបង្ហាញពីអំបូររបស់ Na’vi ក្នុងជ្រុងមួយផ្សេងទៀត ព្រោះកន្លងមកលោកបង្ហាញតែពីផ្នែកល្អនៃក្រុមនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។
នៅក្នុងរឿង «Avatar» វគ្គ១ និងវគ្គ២ «Avatar: The Way of Water» របស់ James Cameron អ្នកទស្សនាភាពយន្ត ត្រូវបានណែនាំដល់ត្រកូល Na'vi ពីរផ្សេងគ្នាគឺ Omaticaya រស់នៅក្នុងព្រៃ និង Metkayina មានលំនៅដ្ឋានក្នុងទឹក។ កុលសម្ព័ន្ធទាំងពីរមានសន្តិភាព ហើយប្រើតែអំពើហិង្សានៅពេលទឹកដីរបស់ពួកគេត្រូវបានកាន់កាប់ដោយមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនអាចនឹងដឹងថា មិនមែន Na'vi ទាំងអស់សុទ្ធតែ Na'vi ល្អនោះទេ ហេតុដូច្នេះ ផលិតករ James Cameron បង្ហើបថាវគ្គបន្ទាប់គឺ «Avatar 3» ដែលមិនទាន់បង្ហាញចំណងជើងនោះ នឹងណែនាំត្រកូល Pandora ទីបីដែលបង្ហាញពីផ្នែកងងឹតរបស់ Na’vi។
តាមរយៈបទសម្ភាសន៍នាពេលថ្មីៗនេះ លោក James Cameron បាននិយាយថា «Avatar» វគ្គ៣ នឹងរុករក «វប្បធម៌ផ្សេងៗពីអ្វីដែលខ្ញុំបានបង្ហាញរួចហើយ។ ភ្លើងនឹងត្រូវបានតំណាងដោយ «Ash People»។ ខ្ញុំចង់បង្ហាញ Na'vi ពីមុំមួយផ្សេងទៀត ព្រោះរហូតមកដល់ពេលនេះ ខ្ញុំបានបង្ហាញតែផ្នែកល្អរបស់ពួកគេប៉ុណ្ណោះ»។
គួរជម្រាបថា បើតាម Cameron គឺបានបញ្ចប់ការផលិតរួចហើយទៅលើ «Avatar» វគ្គ៣ ដែលគ្រោងនឹងចាក់បញ្ចាំងនៅរោងភាពយន្តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ប្រសិនបើផលិតករភាពយន្តពង្រីកសិទ្ធិផ្តាច់មុខរហូតដល់ «Avatar» វគ្គ៥ នោះ Na'vi នឹងមកដល់ផែនដី៕