(សេអ៊ូល)៖ អតីតអ្នកចាត់ការក្លិប Chelsea លោក Roberto di Matteo ត្រូវបានតែងតាំងជាទីប្រឹក្សាបច្ចេកទេស នៅឯក្លិបម្ចាស់ពានរង្វាន់ជើងឯកអាស៊ី ២រដូវកាល Jeonbuk Motors។ នេះបើតាមការប្រកាសពីក្លិបកូរ៉េខាងត្បូង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។
ក្លិប Jeonbuk ដែលត្រូវបានដឹកនាំដោយគ្រូបង្វឹក Kim Sang-sik ជាអតីតកីឡាករលំដាប់អន្តរជាតិកូរ៉េខាងត្បូងនេះ បានបញ្ចប់នៅលំដាប់ជើងឯករង ឈរនៅពីក្រោយក្លិប Ulsan Hyundai ក្នុងលីគ K-League កាលពីរដូវកាលមុន ដែលជាការបញ្ចប់នូវការដណ្តើមបានពានរង្វាន់ ៥រដូវកាលជាប់ៗគ្នា។
លោក Di Matteo បានដឹកនាំ Chelsea ដណ្តើមបានពានរង្វាន់ UEFA Champions League និង FA Cup ក្នុងឆ្នាំ២០១២ ក្នុងពេលដែលលោកបំពេញតួនាទីក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន បន្ទាប់ពីការបណ្តេញចេញលោក Andre Villas Boas។
លោក Di Matteo ដែលជាអតីតកីឡាករលំដាប់អន្តរជាតិអ៉ីតាលីរូបនេះ ត្រូវបានតែងតាំងឲ្យបំពេញការងារពេញម៉ោង ដោយតោខៀវ Chelsea កាលពីខែមិថុនា ឆ្នាំ២០១២ ប៉ុន្តែត្រូវបានបណ្តេញចេញ ៥ខែក្រោយ។ ចាប់តាំងពីពេលនោះមក លោកបានបំពេញតួនាទីជាអ្នកចាត់ការរយៈពេលខ្លីនៅក្លិប Schalke និង Aston Villa៕