(ឡុងដ៏)៖ អ្នកចាំទីក្លិប Manchester United កីឡាករ David de Gea បានលើកឡើងថា «លោកសង្ឃឹមថានឹងបន្តស្នាក់នៅជាមួយក្លិប ហើយការពិភាក្សាមួយនឹងធ្វើឡើងក្នុងវិធីដ៏ល្អ»។ នេះបើតាមប្រភពពី BBC បានឲ្យដឹងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។
កីឡាករសញ្ជាតិអេស្ប៉ាញ De Gea មានវ័យ ៣២ឆ្នាំជាអ្នកចាំទីដៃទី១ របស់ក្លិបអង់គ្លេស Manchester United បានចូលរួមជាមួយបិសាចក្រហមកាលឆ្នាំ២០១១ ដែលកិច្ចសន្យាចាស់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៣ នេះ, ហើយអ្វីដែលជាការចាប់អារម្មណ៍ក្នុងរដូវកាល ២០២២-២៣ នេះ De Gea ធ្វើបានយ៉ាងល្អដោយបានបង្ហាញទម្រង់លេងល្អក្នុង ១៧ប្រកួតមកនេះ។
រំលឹកផងថា អ្នកចាំទី De Gea បានលេងជាមួយក្លិប Man United ចំនួន ៥១០ប្រកួតហើយ គិតចាប់តាំងពីឆ្នាំ២០១១មក ដែលជាកីឡាករម្នាក់ត្រូវបានផ្ទេរមកពីក្លិប Atletico Madrid ក្នុងសម័យកាលលោក Sir Alex Ferguson ដឹកនាំក្រុមបិសាចក្រហមក្នុងតម្លៃប្រមាណ ១៨,៩លានផោន ហើយបានរួមចំណែងឈ្នះពាន Premier League, FA Cup, EFL Cup, និងពានអឺរ៉ុប UEFA Europa League។
បញ្ជាក់ផងថា បច្ចុប្បន្នក្លិប Man United កំពុងមានអ្នកចាំទី ២នាក់រួមមាន De Gea និង Tom Heaton ខណៈក្លិបនេះក៏កំពុងមានការចាប់អារម្មណ៍លើការពិភាក្សាចំពោះអ្នកចាំទី Jack Butland របស់ក្លិប Crystal Palace ក្នុងផ្ទេរមកផងដែរ៕