(បរទេស)៖ ខណៈតារាសម្តែងល្បី Daniel Craig ប្រកាសចូលនិវត្តន៍ពីតួអង្គ Jame Bond ត្រឹមរឿង «No Time to Die» នោះ បច្ចុប្បន្នផលិតករផ្តាច់មុខភាពយន្តនេះ ហាក់មិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយ អំពីការជ្រើសរើសតួថ្មី មកសម្តែងជាតួអង្គ James Bond ឬ ភ្នាក់ងារ 007 ជំនួស Daniel Craig។ ទោះជាបែបនេះក្តី តារាប្រុសមួយរូប គឺ Aaron Taylor-Johnson កំពុងតែស្ថិតក្នុងត្រសែភ្នែកផលិតករ នឹងត្រូវបានគេសន្និដ្ឋានថា អាចនឹងជាជម្រើសចុងក្រោយ សម្រាប់មកបន្តតំណែង។
បើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន TMZ បានឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ថា តារាសម្តែងជនជាតិអង់គ្លេស ដែលល្បីល្បាញតាមរយៈតួនាទីរបស់លោកនៅក្នុងរឿង «Kick-Ass» ហើយថ្មីៗនេះ តាមរយៈរឿង «Bullet Train» គឺលោក Aaron Taylor-Johnson ត្រូវបានគេរាយការណ៍ថា បានជួបជាមួយផលិតករ Barbara Broccoli កាលពីអំឡុងខែកញ្ញា។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានតេស្តសម្តែង (Screen Test) ដែលដំណើរការបានយ៉ាងល្អផងដែរ។ នេះបើយោងតាមកាសែត Daily Mail និង Puck News។
ការសម្តែងតេស្តលើអេក្រង់ ត្រូវបានគេនិយាយថា ជាផ្នែកមួយនៃការពិនិត្យទេពកោសល្យឲ្យបានពេញលេញទៅលើ Aaron ហើយស្តាប់ទៅដូចជាមនុស្សគ្រប់គ្នាចាប់អារម្មណ៍ នឹងអ្វីដែលពួកគេបានឃើញ។ ប្រភពបាននិយាយថា Aaron ឥឡូវកំពុងតែស្ថិតក្នុងលំដាប់ជួរមុខ ក្នុងចំណោមតារាសម្តែងផ្សេងទៀត ប៉ុន្តែគេនៅមិនទាន់ជ្រើសរើសជាផ្លូវការនៅឡើយទេ។ ដូច្នេះតើនរណាជាតួអង្គ James Bond បន្ត?