(បរទេស)៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សទីពីរនាពេលបច្ចុប្បន្ននេះ ដែលប្រឈមមុខនឹងការផាកពិន័យលើការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ តាមរយៈរបាយការណ៍ថ្មីនេះបានឱ្យដឹងថា គណៈកម្មាការជាតិនៃព័ត៌មានវិទ្យា និងសេរីភាព (CNIL) របស់ប្រទេសបារាំង បានធ្វើការផាកពិន័យជាប្រាក់ចំនួន ៨លានអឺរ៉ូ (ប្រហែល ៨.៥លានដុល្លារ) ជុំវិញការចោទប្រកាន់ថា Apple បាន បំពានច្បាប់ការពារទិន្នន័យ ជាមួយនឹងការផ្សាយពាណិជ្ជកម្មតាម App Store។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងករណីនេះ Apple ត្រូវបានគេរកឃើញថា បានប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធប្រតិបត្តិការ iOS 14.6 របស់ខ្លួនដោយគ្មានការអនុញ្ញាត។ ខណៈបញ្ហានេះត្រូវបាន CNIL គូសបញ្ជាក់ថា Apple បានឆ្លៀតឱកាសក្នុងការទាញយកចំណូលពីអ្នកប្រើប្រាស់ជាច្រើន ដោយគេអនុញ្ញាតឱ្យបិទមុខងារផ្សាយពាណិជ្ជកម្មនេះ ប៉ុន្តែត្រូវធ្វើតាមការណែនាំច្រើនដំណាក់កាលទើបអាចបិទមុខងារនោះបាន។
ជាលទ្ធផល CNIL បានសម្រេចនាពេលថ្មីៗនេះថា Apple បានបំពានច្បាប់មាត្រា ៨២ នៃការការពារទិន្នន័យអ្នកប្រើប្រាស់បារាំង ដូច្នេះនឹងត្រូវទទួលរងការដាក់ទណ្ឌកម្មប្រមាណ ៨.៥លានដុល្លារ។ តែយ៉ាងណាជុំវិញការសម្រេចនេះ Apple ហាក់សម្តែងការខកចិត្តជាខ្លាំង ដោយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់លោក Patrick McGee ថាខ្លួនគ្រោងនឹងប្តឹងឧទ្ធរណ៍វិញ។
គួរបញ្ជាក់ដែរថា បញ្ហានេះត្រូវបានប្រទេសបារាំងបើកការស៊ើបអង្កេតចាប់តាំងពីឆ្នាំ២០២១ មកម្លេះ បន្ទាប់ពីពាក្យបណ្តឹងពីសមាគម France Digitale ដែលមានខ្លឹមសារថា ប្រព័ន្ធប្រតិបត្តិការ iOS 14 របស់ Apple មិនបានអនុលោមតាមការការពារអឺរ៉ុបសម្រាប់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះទេ៕