(បរទេស)៖ តបការជូនដំណឹងរបស់ក្រុមហ៊ុនអនឡាញយក្ស Amazon កន្លងមក ពេលនេះទទួលបានរបាយការណ៍បន្ថែម ដោយនាយកប្រតិបត្តិលោក Andy Jassy បាននិយាយនៅក្នុងកំណត់ត្រាបុគ្គលិកជាសាធារណៈនៅថ្ងៃពុធនេះថា ការបញ្ឈប់បុគ្គលិកនឹងកើនឡើងដល់ ១៨,០០០នាក់ក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

Jassy បាននិយាយថា ការបញ្ឈប់ការងារជាច្រើននឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមករា នេះតទៅ ហើយវានឹងត្រូវបានធ្វើឡើងដូចករណីមុនៗអីចឹង ដោយមានការជូនដំណឹងជាមុនដល់បុគ្គលិកដែលរងផលប៉ះពាល់ មុនពេលធ្វើការប្រកាសជាសារធារណៈ។ តែយ៉ាងណាលោកមិនបានបញ្ជាក់លម្អិតទេថា ផ្នែកណាខ្លះនៃក្រុមហ៊ុន Amazon នឹងរងផលប៉ះពាល់ខ្លាំងពីការបញ្ឈប់ការងារនេះ ដោយ Jassy គ្រាន់តែបង្ហើបថា «នឹងអាចជះឥទ្ធិពលខ្លាំងដល់ផ្នែក e-commerce និងផ្នែកធនធានមនុស្ស (Human Resources Organizations)»

បើយោងតាមការចេញផ្សាយកន្លងមកនៅតែបន្តអះអាងដដែលថា ការបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើននេះ គឺដោយសារតែ Amazon មិនអាចទប់ទល់នឹងចំណាយច្រើន ខណៈកំណើនកើនឡើងយឺត ដែលជំរុញឱ្យតម្លៃភាគហ៊ុនក្រុមហ៊ុននេះធ្លាក់ចុះជាគំហុកកាលពីពាក់កណ្តាលឆ្នាំ២០២២៕