(ហ្សឺរិច)៖ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានអំពាវនាវទៅដល់អ្នកគាំទ្រឲ្យឈប់ធ្វើសកម្មភាពរើសអើងជាតិសាសន៍ បន្ទាប់ពីមានការកើតឡើងចំពោះកីឡាករខ្សែការពារ Samuel Umtiti និងកីឡាករ Lameck Banda ដែលលេងឲ្យក្លិប Lecce ក្នុងលីគអីតាលី Serie A។ នេះបើតាមប្រភព Reuter ឲ្យដឹងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។
របាយការណ៍ពីកាសែតអីតាលី Gazzetta dello Sport បានឲ្យដឹងថា ការប្រកួតត្រូវបានផ្អាកអស់រយៈពេលច្រើននាទី ក្រោយពេលមានសកម្មាភាពរើសអើងជាតិសាសន៍នេះបានកើតឡើងទៅលើកីឡាករ Samuel Umtiti ក្នុងជំនួបប្រកួតរវាងក្លិប Lecce ប៉ះជាមួយក្លិប Lazio កាលពីថ្ងៃពុធ, ខណៈអ្នកគាំទ្រខាងម្ចាស់ផ្ទះក៏បានស្រែហៅឈ្មោះ «Umtiti» ដើម្បីលុបបំបាត់ការរំលោពបំពាននេះ។
លោក Infantino បានបង្ហោះរូបភាព Umtiti និងឈ្មោះកីឡាករ Lameck Banda ដោយបានសរសេទៅលើបណ្តាញសង្គមថា «ចូលស្រែឲ្យខ្លាំងៗ ថាទេចំពោះការរើសអើងជាតិសាសន៍ សូមអ្នកគាំទ្រភាគច្រើនដែលជាមនុស្សល្អ ចូលក្រោកឈរដើម្បីបិទមាត់ចំពោះអ្នករើសអើងជាតិសាសន៍ទាំងអស់»។
បញ្ជាក់ផងថា Umtiti ជាខ្សែការពារត្រូវបានក្លិប Lecce ខ្ចីជើងពីក្លិបអេស្ប៉ាញ FC Barcelona ដ្បិតរូបគេជាកីឡាកររួមចំណែកឈ្នះពាន World Cup 2018 ជាមួយក្រុមជម្រើសជាតិបារាំង ខណៈការប្រកួតរវាងក្លិប Lecce បានយកឈ្នះក្លិប Lazio ក្នុងលទ្ធផល ២-១ ដែលកីឡាករ Umtiti បានចាកចេញពីទីលានទាំងទឹកភ្នែក៕